
ភាគហ៊ុនរបស់ចិនបានជួយនាំឲ្យភាគហ៊ុនអាស៊ីហក់ឡើង តាំងពីដើមសប្តាហ៍ បន្ទាប់ពីនិយតករបានចាត់វិធានការថ្មី កាលពីចុងសប្តាហ៍កន្លងមកដើម្បីគាំទ្រទីផ្សារ។
ចំណែកប្រេងបានឡើងថ្លៃបន្ទាប់ពីមានការកើនឡើងវិញនូវអំពើហិង្សា នៅមជ្ឈិមបូព៌ា ខណៈដែលការវាយប្រហារដោយមីស៊ីលពីសំណាក់ក្រុមហ៊ួទីរបស់ប្រទេសយេម៉ែន បានបណ្តាលឲ្យមានការឆេះនាវាដឹកប្រេង នៅសមុទ្រក្រហម ខណៈដែលទាហានអាមេរិក ៣នាក់ ត្រូវបានសម្លាប់បន្ទាប់ពីមានការវាយប្រហារ ដោយយានដ្រូន នៅហ្សកដានី។
ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានឡើង ១,៤ភាគរយ ហើយសន្ទស្សន៍រងនៃភាគហ៊ុនអចលនទ្រព្យរបស់ប្រទេសចិនដីគោក បានហក់ឡើងឡើង ៣,៦ភាគរយ បន្ទាប់ពីនិយតករមូលបត្ររបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យ (ទី២៨ ខែមករា) ថា ខ្លួននឹងផ្អាកទាំងស្រុងនូវការផ្តល់ប្រាក់កម្ចីនៃភាគហ៊ុនដែលត្រូវបានដាក់កម្រិត។
ភាគហ៊ុនក្នុងតំបន់ បានចាប់ផ្តើមរួចហើយនូវថ្ងៃជួញដូរជាមួយលំនឹងដ៏រឹងមាំ ប៉ុន្តែបានពង្រីកការហក់ឡើងបន្ទាប់ពីការបើក នៅទីក្រុងហុងកុង ដោយហ៊ុន Nikkei របស់ប្រទេសជប៉ុន ឡើង ០,៨ភាគរយ ហើយហ៊ុន Kospi របស់កូរ៉េខាងត្បូង ហក់ឡើង ១,២ភាគរយ ខណៈដែលចំណុចគោលភាគហ៊ុនរបស់អូស្រ្តាលីបានឡើងបន្ថែម ០,៤ភាគរយ។
ចំណែកឯនៅក្នុងទីផ្សារថាមពលវិញ ហ៊ុនប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ៨៣សេន គឺឡើងដល់ ៨៤,៣៨ដុល្លារ ក្នុងមួយបារ៉ែល ហើយហ៊ុនប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានឡើងថ្លៃ ៧៨សេន ពោលគឺឡើងដល់ ៧៨,៧៩ដុល្លារ ក្នុងមួយបារ៉ែល៕