សម្រាប់ក្រុងកែប នៃខេត្តកែប ទទួលបានជយលាភីទីក្រុងស្អាតអាស៊ាន លើកទី៤ ដែលមានសុពលភាពពីឆ្នាំ២០២៤-២០២៦ ហើយពិធីប្រកាសជយលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។

ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា លទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងខេត្តកែប ដែលនេះជាមោទនភាព សម្រាប់ខេត្តកែប និងព្រះរាជាណាចក្រកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏បានចូលរួមអរអរសាទរចំពោះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរ៕
