
ការប្រជែងតំណែងប្រធានាធិបតីរបស់ប្រទេសហ្វាំងឡង់ បានឃើញថា អតីតនាយករដ្ឋមន្ត្រី លោក Alexander Stubb និងរដ្ឋមន្ត្រីការបរទេសពីមុន គឺលោក Pekka Haavisto យកឈ្នះលើបេក្ខជនផ្សេងទៀតយ៉ាងស្រួល ដើម្បីទៅប្រឈមគ្នានៅក្នុងការបោះឆ្នោតជុំទី២ ក្នុងរយៈពេល ២សប្តាហ៍ខាងមុខ។
ក្រសួងយុត្តិធម៌បានឲ្យដឹង កាលថ្ងៃអាទិត្យ (ទី២៨ ខែមករា) ថា លោក Stubb បានទទួលបានសំឡេងគាំទ្រប្រហែល ២៧ភាគរយ ដោយតាមពីក្រោយដោយលោក Haavisto ប្រហែល ២៦ភាគរយ។ លោក Stubb និងលោក Haavisto នឹងធ្វើការប្រកួតប្រជែងនៅថ្ងៃទី១១ ខែកុម្ភៈ។ ស្ទើរតែ ៧៥ភាគរយនៃអ្នកបោះឆ្នោតសរុប បានទម្លាក់សន្លឹកឆ្នោតរបស់ពួកគេទៅក្នុងធុង ដោយនេះជាចំនួនអ្នកចេញទៅបោះឆ្នោតដ៏ច្រើនបំផុតក្នុងរយៈពេលជិត ២ទសវត្សរ៍។
បណ្ដាអ្នកបោះឆ្នោតនៅក្នុងប្រទេសដែលជាសមាជិកថ្មីចុងក្រោយបំផុតរបស់អង្គការណាតូមួយនេះ កំពុងជ្រើសរើសអ្នកការទូតជាន់ខ្ពស់ និងជាមេបញ្ជាការជាន់ខ្ពស់ ដើម្បីឲ្យកងកម្លាំងការពារជាតិការពារព្រំដែនដ៏វែងបំផុតរបស់ប្រទេសសម្ព័ន្ធមិត្តយោធាប្រឆាំងនឹងសត្រូវដ៏ធំរបស់ខ្លួន គឺរុស្ស៊ី។
ចម្ងល់គឺថា អ្នកណាដែលនឹងមកស្នងតំណែងជាប្រធានាធិបតីជំនួសលោក Sauli Niinisto ខណៈដែលបុរសវ័យ ៧៥ឆ្នាំ មិនមានសិទ្ធិឈរឈ្មោះទៀតទេ បន្ទាប់ពីបានធ្វើតួនាទី ២អាណត្តិ ៦ឆ្នាំជាប់ៗគ្នា។ បេក្ខជនដែលត្រូវគេមើលឃើញថា មានភាពប៉ិនប្រសប់បំផុតក្នុងការដឹកនាំគោលនយោបាយការបរទេស និងសន្តិសុខ ទំនងជានឹងទាក់ទាញអ្នកបោះឆ្នោត៕