
រដ្ឋមន្ត្រីការបរទេសលោក ចាស្ទីន កាចិនកូ (Justin Tkachenko) បានប្រាប់សារព័ត៌មានរ៉យទ័រថា នូវែលហ្គីណេ កំពុងពិភាក្សាដំបូងជាមួយនឹងប្រទេសចិនលើកិច្ចព្រមព្រៀងសន្តិសុខ និងសណ្តាប់ធ្នាប់ដ៏សំ ខាន់ បន្ទាប់ពីកុបកម្មដ៏សាហាវ នៅក្នុងរដ្ឋធានីរបស់ប្រទេសប៉ាស៊ីហ្វិកខាងត្បូងនេះ។
ចំពេលមានភាពច្របូកច្របល់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងសម្រាប់ឥទ្ធិពល នៅតំបន់ប៉ាស៊ីហ្វិក ប្រទេសកោះប៉ាស៊ីហ្វិកដ៏ធំបំផុត នូវែលហ្គីណេ ធ្លាប់បាននិយាយថា អូស្ត្រាលី និងសហរដ្ឋអាមេរិក គឺជាដៃគូសន្តិសុខរបស់ខ្លួន ខណៈដែលប្រទេសចិន គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់នោះ។
លោកកាចិនកូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃចន្ទនេះថា ប្រទេសចិន បានចូលទៅជិតប៉ាពួអាស៊ី នៅក្នុងខែកញ្ញាជាមួយនឹងការផ្តល់ជូន ដើម្បីជួយដល់កងកម្លាំងនគរបាលរបស់ខ្លួនជាមួយនឹងការបណ្តុះបណ្តាល ឧបករណ៍ និងបច្ចេកវិទ្យាឈ្លបយកការណ៍។ កិច្ចពិភាក្សា បានបន្តកាលពីសប្តាហ៍មុន។
លោកបានថ្លែងថា៖«យើងដោះស្រាយជាមួយប្រទេសចិនក្នុងដំណាក់កាលនេះ តែក្នុងកម្រិតសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះ។ ពួកគេ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់យើង ប៉ុន្តែពួកគេ បានផ្តល់ជូន ដើម្បីជួយដល់សណ្តាប់ធ្នាប់ និងសន្តិសុខរបស់យើងលើផ្នែកសន្តិសុខផ្ទៃក្នុង»។
លោកបាននិយាយថា នូវែលហ្គីណេ នឹងវាយតម្លៃថាតើចិនផ្តល់ជំនួយផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់ ដូចគ្នា ដែលត្រូវបានផ្តល់ដោយអូស្ត្រាលី និងសហរដ្ឋអាមេរិកដែរ ឬអត់។
លោកបានបន្តថា៖«វានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការចរចាជាមួយស្នងការនគរបាល និងរដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុងរបស់យើង»។