
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃចន្ទនេះសម្រាប់កិច្ចពិភាក្សាស្តីពីការបន្ថយភាពតានតឹង បន្ទាប់ពីការវាយប្រហារតាមអាកាសដោយទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីស្លាម៉ាបាដកាលពីដើមខែនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ ដែលជាការបង្ហាញពីការកើនឡើងភាពតានតឹងគួរឲ្យកត់សម្គាល់នូវទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។
លោកហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន ( Hossein Amirabdollahian) បានចុះចតនៅអាកាសយានដ្ឋានមួយ នៅជិតទីក្រុងអ៊ីស្លាម៉ាបាដ នៅមុនថ្ងៃរះ ហើយបានធ្វើការពិភាក្សាដែលត្រូវបានពិពណ៌នាថា ជា«កិច្ចពិភាក្សាស៊ីជម្រៅ» ជាមួយសមភាគីប៉ាគីស្ថានលោក ចាលីល អាបាស ជីឡានី (Jalil Abbas Jilani) នៅក្រសួងការបរទេសក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏ត្រូវជួបជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប៉ាគីស្ថាន លោកអាន់វ៉ាអារុល ហាក កាកា( Anwaarul-Haq-Kakar) ផងដែរ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានជាប់គាំងយ៉ាងខ្លាំង កាលពីថ្ងៃទី១៧ ខែមករា នៅពេលដែលអ៊ីរ៉ង់បានបើកការវាយប្រហារតាមអាកាសនៅក្នុងខេត្តបាលូជីស្ថាន (Baluchistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ដោយផ្តោតលើអ្វីដែលទីក្រុងតេអេរ៉ង់ បាននិយាយថា ជាការលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធប្រឆាំងអ៊ីរ៉ង់ Jaish al-Adl ឬកងទ័ពយុត្តិធម៌។ ប្រទេសប៉ាគីស្ថាន បាននិយាយថា កុមារពីរនាក់ ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀត បានរងរបួស។
ដោយខឹងសម្បាចំពោះការវាយប្រហារនេះ ប៉ាគីស្ថានបានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងតេអេរ៉ង់ ហើយបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងខេត្តស៊ីស្ថាន (Sistan) និងបាលូជីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងតិច៩នាក់។ ទីក្រុងអ៊ីស្លាម៉ាបាដ បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅក្រុមសកម្មប្រយុទ្ធបាលុច(Baluch)ជាមួយនឹងគោលដៅបំបែកខ្លួន។