
ប្រធានាធិបតីប្រទេសហ្វីលីពីន លោក ហ្វឺឌីណង់ រ៉ូមួលដេស ម៉ាកូស(Ferdinand Romualdez Marcos) បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ ជាទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។
លោក Marcos បាននិយាយនៅក្នុងសន្ទរកថាពេលចាកចេញថា «កិច្ចសហប្រតិបត្តិការដែនសមុទ្រ នឹងក្លាយជាមូលដ្ឋានមួយនៃភាពជាដៃគូយុទ្ធសាស្ត្រដែលយើងនឹងបង្កើតឡើង ហើយយើងសង្ឃឹមថា នឹងពង្រឹងទិដ្ឋភាពនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ដើម្បីជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
លោកនិយាយថា លោកក៏នឹងពិភាក្សាជាមួយសមភាគីរបស់លោក ប្រធានាធិបតីវៀតណាម លោក Vo Van Thuong ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ និងទេសចរណ៍ ព្រមទាំងបញ្ហាតំបន់ និងពហុភាគី នៃការព្រួយបារម្ភទៅវិញទៅមក។
ដោយចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋ ថានឹងនាំយកទំនាក់ទំនងរវាង ហ្វីលីពីន និងវៀតណាម ឈានដល់កម្រិតខ្ពស់ជាងនេះ លោក Marcos ក៏មានផែនការជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។
ប្រទេសហ្វីលីពីន និងវៀតណាម មានបំណងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់១០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ប្រទេសវៀតណាម គឺជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ហ្វីលីពីន នៅក្នុងតំបន់អាស៊ាន ដោយមានទំនាក់ទំនងជិត ៥០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងទ្វេភាគី ក្នុងឆ្នាំ ១៩៧៦ ហើយប្រទេសវៀតណាមក៏ជាទីកន្លែងសម្រាប់ពលករហ្វីលីពីន ប្រមាណ ៧.០០០នាក់។