
នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានជួបពិភាក្សាកងារងារជាមួយនាយករដ្ឋមន្រ្តីថៃលោក Srettha Thavisin ដើម្បីពីភាក្សាលើបញ្ហាពាណិជ្ជកម្ម និងការតភ្ជាប់បណ្តាញគមនាគមន៍រួមទាំងផ្លូវរថភ្លើងរវាងចិន ឡាវ និងថៃ ។
បន្ទាប់ពីជំនួបនៅក្នុងទីក្រុបបាងកក ក្រសួងការបរទេសចិន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសទាំង ២ ត្រូវការពន្លឿនការសាងសង់ផ្លូវរថភ្លើងដែលនឹងជួយបើកផ្លូវរថភ្លើងឆ្លងកាត់អាស៊ី ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយប្រទេសទាំង ២ យល់ព្រមលើកលែងតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋប្រទេសនិមួយៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍ ។
កិច្ចព្រមព្រមៀងលើការនាំចេញផលិតផលកសិកម្ម ត្រូវបានចុះហត្ថលេខាផងដែរនៅក្នុងជំនួបនាថ្ងៃចន្ទនេះ ស្របពេលដែលលោក Wang ស្ថិតនៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃរបស់លោកមកកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ។
លោក Wang និយាយថា ចិនតែងតែចាត់ទុកប្រទេសថៃជាអាទិភាពនៅក្នុងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងរបស់ពួកគេ ហើយចិននឹងបន្តគាំទ្រថៃ ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ពួកគេ ហើយនិងការសម្រេចបានការអភិវឌ្ឍ និងការងើបសេដ្ឋកិច្ចឡើងវិញរបស់ពួកគេ ។
លោកបន្តថា ចិនពេញចិត្តនឹងមើលឃើញថៃ ដែលជាប្រទេសដ៏សំខាន់ក្នុងតំបន់ ដើរតួវិជ្ជមានក្នុងស្ថិរភាពក្នុងតំបន់ និងសន្តិភាពពិភពលោក ៕