
ប្រទេសឥណ្ឌា កំពុងស្វែងរកជំនួសរុស្ស៊ីក្នុងនាមជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីសង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់សមត្ថភាព ក្នុងការផ្គត់ផ្គង់សមាសធាតុ និងគ្រឿងបន្លាស់។
ឥណ្ឌា ដែលជាប្រទេសនាំចូលអាវុធធំជាងគេលើពិភពលោក កំពុងតែងាកទៅរកលោកខាងលិចជាបណ្តើរៗ នៅពេលដែលសហរដ្ឋអាមេរិក ស្វែងរកការពង្រឹងទំនាក់ទំនង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ប្រទេសរុស្ស៊ី បានផ្គត់ផ្គង់ ៦៥ភាគរយ នៃការទិញអាវុធរបស់ឥណ្ឌា ដែលសរុបជាទឹកប្រាក់ជាង ៦០ពាន់លានដុល្លារ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែសង្រ្គាមនៅអ៊ុយក្រែន បានបង្កើតការជំរុញ ដើម្បីធ្វើការពង្រីកមូលដ្ឋានអាវុធរបស់ឥណ្ឌា។
លោកណានដាន អ៊ុននីគ្រីសណាន (Nandan Unnikrishnan) អ្នកជំនាញរុស្ស៊ី នៅអង្គការមូលនិធិស្រាវជ្រាវរបស់អ្នកសង្កេតការណ៍(Observer Research Foundation) នៅទីក្រុងញូវដែលី (New Delhi) បានបញ្ជាក់ថា៖«យើងទំនងជាមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាធំណាមួយជាមួយរុស្ស៊ីទេ»។
អ្នកជំនាញ និងមន្ត្រី បាននិយាយថា រុស្ស៊ីបានអំពាវនាវជាសាធារណៈដល់ឥណ្ឌាឲ្យពង្រឹងទំនាក់ទំនងការពារជាតិ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) ជំនួសវិញដោយផ្តោតលើការផលិតអាវុធក្នុងស្រុក ដោយប្រើបច្ចេកវិទ្យារបស់លោកខាងលិច។