
ស្របពេលដែលប្រឈមនឹងកង្វះខាតច្រកសុវត្ថិភាពសម្រាប់ការបញ្ចុះសពឲ្យបានត្រឹមត្រូវ ជនប៉ាឡេស្ទីននៅទីក្រុង Khan Younis បានជីកផ្នូដ៏ធំមហិមាមួយនៅក្នុងសួនច្បារមន្ទីរពេទ្យ Nasser ដើម្បីបញ្ចុះសាកសពមនុស្សគ្មានសាច់ញាតិ ។
យោងតាមការអះអាងរបស់លោក Nahidh Abu Tamiya គឺជាប្រធានមន្ទីរពេទ្យ Nasser បានឲ្យដឹងថា សាកសពមនុស្សនៅកន្លែងបញ្ចុះសពក្នុងមន្ទីរពេទ្យ ចាប់ផ្តើមរលួយ និងបញ្ចេញក្លិនអសោច ។
លោកថា សាកសពមនុស្សទាំងអស់នេះ ត្រូវតែបញ្ចុះ ដោយសារតែក្រុមគ្រួសាររបស់ពួកគេ មិនអាចមកទីនេះបានទេ ហើយសាកសពរបស់ពួកគេចាប់ផ្តើមរលួយ និងបញ្ចេញក្លិនអសោចដ៏អាក្រក់ នោះហើយគឺជាហេតុផលដែលពួកយើងត្រូវជីកផ្នូរដ៏ធំនៅក្នុងសួនច្បារមន្ទីរពេទ្យ ដើម្បីបញ្ចុះសាកសពរបស់ពួកគេ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពហ្គាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីន ២៦.៤២២នាក់ ត្រូវបានសម្លាប់ និងមនុស្សជិត ៦៥.០០០នាក់ បានរងរបួស ក្នុងនោះភាគច្រើននៃពលរដ្ឋ ២,៣លាននាក់នៅក្នុងដែនដីបិទច្រកមួយនេះ ត្រូវបានជម្លៀសខ្លួន ។
ពួកគេបន្តថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៦៥នាក់ និងធ្វើឲ្យរបួសមនុស្ស ២៩០នាក់ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។
កងទ័ពអ៊ីស្រាអែល បានបាញ់ផ្លោងជុំវិញបរិវេណអគារទីភ្នាក់ងារជំនួយ និងអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុង Khan Younis ជាហេតុបណ្តាលឱ្យមានអ្នករងរបួសមួយចំនួនធំ ៕