
នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បាននិយាយថា ពួកគេនឹងសិក្សាឲ្យបានល្អិតល្អន់ការចាប់ផ្តើមឡើងវិញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរជប៉ុនមកកាន់ប្រទេសចិន ។
លោក Wang Wenbin គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនសង្ឃឹមផងដែរថា ជប៉ុននឹងធ្វើការជាមួយទីក្រុងប៉េកាំង ដើម្បីធ្វើឲ្យកាន់តែងាយស្រួលជាងមុនការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង ២ ។
លោក Wang ត្រូវបានសួរដោយអ្នកសារព័ត៌មានម្នាក់ថាតើហេតុអ្វីបានជាចិននៅពុំទាន់ស្តាឡើងវិញគោលនយោបាយលើកលែងទិដ្ឋាការដែលបានផ្អាកអំឡុងការរីករាលដាលឆ្លងសកលជំងឺ COVID-19 ស្របពេលដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសជាច្រើន រួមទាំងប្រទេសថៃផងដែរនោះ ។
លោក Wang និយាយថា ចិនតែងតែយកចិត្តទុកដាក់ខ្លាំងលើសារសំខាន់នៃបញ្ហាសម្របសម្រួលការចូលរបស់ជនបរទេស រួមទាំងជនជាតិជប៉ុន ចូលក្នុងទឹកដីចិន ហើយចិននឹងសិក្សាឲ្យបានស៊ីជម្រៅលើសំណើរនៃវិស័យជាច្រើននៅក្នុងប្រទេសជប៉ុន សម្រាប់ការចាប់ផ្តើលឡើងវិញគោលនយោបាយលើកលែងទិដ្ឋាការ ។
លោកថា ទីក្រុងប៉េកាំង ទន្ទឹងរង់ចាំធ្វើការជាមួយភាគីជប៉ុន ដើម្បីពន្លឿនកម្រិតសម្របសម្រួលការផ្លាស់ប្តូររវាងប្រជនជន និងប្រជាជនប្រទេសទាំង ២ ។
គួរឲ្យដឹងថា មុនការរីករាលដាលឆ្លងសកលជំងឺ COVID-19 ប្រជាពលរដ្ឋជប៉ុន អាចចូលទឹកដីចិនបានដោយគ្មានទិដ្ឋាការរយៈពេលរហូតដល់ ១៤ថ្ងៃ ៕