
យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា សហភាពអឺរ៉ុប បានរៀបចំផែនការ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រីធ្លាក់ចុះ ប្រសិនបើខ្លួនរារាំងកញ្ចប់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ (៤២,៦ ពាន់លានផោន) សម្រាប់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែល ក្នុងសប្តាហ៍នេះ។
មន្ត្រីសហភាពអឺរ៉ុប បានស្នើឲ្យកំណត់គោលដៅសេដ្ឋកិច្ចរបស់ទីក្រុងប៊ុយដាប៉ែស ( Budapest) ដោយព្យាយាមធ្វើឲ្យមានដំណើរការលើរូបិយប័ណ្ណរបស់ប្រទេសនេះ និងទំនុកចិត្តរបស់អ្នកវិនិយោគធ្លាក់ចុះ ដើម្បីឈានដល់ «ការងារ និងកំណើន» នៅក្នុងឯកសារសម្ងាត់មួយ ដែលបានរៀបចំឡើង នៅមុនកិច្ចប្រជុំរបស់មេដឹកនាំ។
លោកវីកទ័រ អ័របាន (Viktor Orbán) នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី បានវេតូផែនការមួយ ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនក្នុងរយៈពេល ៤ឆ្នាំខាងមុខ នៅក្នុងកិច្ចប្រជុំកំពូលមួយ កាលពីខែធ្នូឆ្នាំ មុន។ លោកបានប្តេជ្ញាថា នឹងរារាំងវាជាថ្មីម្តងទៀត នៅក្នុងការជួបជុំគ្រាអាសន្ននៅថ្ងៃព្រហស្បតិ៍នេះ។
ឯកសារដែលដកស្រង់ដោយសារព័ត៌មាន Financial Times បានបញ្ជាក់ថា៖«ក្នុងករណីគ្មានកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូលថ្ងៃទី១ ខែកុម្ភៈ ប្រមុខរដ្ឋ និងរដ្ឋាភិបាលផ្សេងទៀត នឹងប្រកាសជាសាធារណៈថា ដោយមើលឃើញពីអាកប្បកិរិយាពុំមានការស្ថាបនារបស់នាយករដ្ឋមន្ត្រីហុងគ្រី…ពួកគេមិនអាចស្រមៃថា មូលនិធិរបស់សហភាពអឺរ៉ុប គួរតែត្រូវបានផ្តល់ទៅឲ្យទីក្រុងប៊ុយដាប៉ែសទេ»។