
នៅថ្ងៃចន្ទនេះ ប្រធានក្រុមសហជីពកសិកម្មធំបំផុតរបស់បារាំង បាននិយាយថា ក្រុមប្រជាកសិករនឹងបិទផ្លូវហាយវ៉េសំខាន់ៗទាំងអស់នៅក្រៅទីក្រុងប៉ារីស ដែលមានចម្ងាយប្រហែល ៣០គ.មពីមជ្ឈមណ្ឌលទីក្រុង ។
បារាំងនិយាយថា ពួកគេនឹងជំរុញឲ្យមានការបន្ធូរបន្ថយនិយតកម្មបរិស្ថានសហភាពអឺរ៉ុបលើដីស្រែចម្ការក្នុងសប្តាហ៍នេះ ស្របពេលដែលត្រាក់ទ័រ បិទផ្លូវហាយវ៉េសំខាន់ៗនៅក្រៅទីក្រុងប៉ារីសនាថ្ងៃចន្ទនេះ ហើយបាតុកម្មរបស់ក្រុមកសិករនៅទូទាំងប្រទេស កាន់តែតានតឹងខ្លាំង ។
លោក Arnaud Rousseau គឺជាប្រធានក្រុមសហជីព FNSEA និយាយប្រាប់វិទ្យុ RTL ថា ក្រុមកសិករនឹងបន្តវិធានការរបស់ពួកគេនៅគ្រប់ទីកន្លែងក្នុងប្រទេសបារាំង ដោយមានគោលដៅឲ្យចាត់វិធានការបន្ទាន់លើផលប្រយោជន៍ស្នូលនៃអាជីវកម្មរបស់ពួកយើង ។
សូមបញ្ជាក់ថា ច្បាប់ស្តាធម្មជាតិឆ្នាំ ២០២៣របស់សហភាពអឺរ៉ុប តម្រូវឲ្យប្រទេសសមាជិកទាំងអស់ ដាក់ចេញវិធានការបរិស្ថានលើ ១ភាគ ៥នៃដី និងសមុទ្ររបស់ពួកគេនៅឆ្នាំ ២០៣០ ។ ដើម្បីសម្រេចបានគោលដៅនេះ ប្រហែល ៤ភាគរយនៃដីកសិកម្ម បន្តនៅជាដីស្រែចម្ការ ។
ក្រុមកសិករបារាំង នាំគ្នាតវ៉ាថា វានឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អាជីវកម្មរបស់ពួកគេ ហើយរដ្ឋាភិបាលនៅទីក្រុងប៉ារីស សន្យាបញ្ចុះបញ្ចូលតាងនាមឲ្យពួកគេនៅទីក្រុងព្រុចសែល ៕