កោះកុង ៖ តាមលិខិតមរណភាពរបស់មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២៩ មិថុនា បានបង្ហាញថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន២នាក់នាចុងខែនេះ។
លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា អ្នកជំងឺ អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ស្លាប់ដោយការរលាកសួតធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩ រួមជាមួយជំងឺក្រិនថ្លើម និងជំងឺខ្សោយក្រលៀនរុំារៃ។
លោកវេជ្ជបណ្ឌិត បន្ថែមថា បុរសខាងលើស្លាប់នៅថ្ងៃទី២៨ មិថុនា វេលាម៉ោង ១៧:២០នាទី បើតាមរោគវិនិច្ឆ័យតាមដាន។ រហូតមកដល់ពេលនេះ អង្គការសុខាភិបាលពិភពលោកបានបង្ហាញថា គ្មានឱសថពិសេសណាមួយជាក់លាក់ក្នុងព្យាបាលជំងឺកូវីដអោយជាសះស្បើយនៅឡើយទេ មានតែវិធានការសុខាភិបាលបង្ការ៣កុំ និង៣ការពារ ជាជម្រើសដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយអត្រាមរណភាព។
ចំណែកលោកវេជ្ជបណ្ឌិត ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ក៏បង្ហាញដែរថា អ្នកជំងឺ ភេទស្រី វ័យ៧៦ឆ្នាំ បានស្លាប់ដោយជំងឺកូវីដ នៅមន្ទីរពេទ្យបង្អែកស្រុក កាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី២៩ មិថុនា ២០២១។ ស្រ្តីវ័យចំណាស់នេះដែរ បានចូលសម្រាកព្យាបាលជំងឹកាលពីថ្ងៃទី២៦មិថុនា ។
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានអចិន្រៃ្តយ៍ក្រុមការងាររៀបចំចាត់ចែងបូជាសពអ្នកដែលស្លាប់ដោយជំងឺកូវីដខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃនេះថា គិតចាប់ពីថ្ងៃទី១០ខែមិថុនា ដល់ត្រឹមថ្ងៃទី២៩ មិថុនានេះ ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៥នាក់ ហើយនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យស្រុកស្រែអំបិល។
បច្ចុប្បន្នក្រុមការងារបានសម្របសម្រួលពិធីបូជាសាកសព អ្នកស្លាប់ដោយជំងែកូវីដតាមប្រពៃណីជាតិខ្មែររួចរាល់ នៅឈាបនដ្ឋានវត្តអារាមជាបណ្តុះអាសន្ន ខណៈទីតាំងបូជាសពអ្នកស្លាប់កូវីដនៅមិនទាន់ចេញជារូបរាងនៅឡើយ។ ការមិនទាន់លេចជារូបរាងឡើយ ត្រូវបានអាជ្ញាធរ អះអាងថា ក្រុមការងារបានខិតខំរកទីតាំងដើម្បីស្ថាបនា តម្រូវការអំឡុងកូវីដ៕
អត្ថបទ ៖ ឈឹម មករា



