
នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋយេម៉ែន បានជួបជុំគ្នានៅទីក្រុង Sanaa កាន់ទង់ជាតិប៉ាឡេស្ទីន ស្រែកពាក្យស្លោកគាំទ្រពលរដ្ឋហ្គាហ្សា និងប្រឆាំងសហរដ្ឋអាមេរិក ហើយនិងអ៊ីស្រាអែល ។
កាលពីថ្ងៃសៅរ៍កន្លងទៅ យោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេបានបំផ្លាញមីស៊ីលប្រឆាំងនាវារបស់ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន ដែលមានគោលដៅវាយប្រហារនៅក្នុងសមុទ្រក្រហម ។
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយរ៉ុក្កែតលើនាវាចម្បាំង Lewis B. Puller របស់សហរដ្ឋអាមេរិក ពេលដែលវាធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រអាដែន កាលពីថ្ងៃអាទិត្យ ។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យយោធាក្រុមប្រដាប់អាវុធមួយនេះ បាននិយាយឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះ ។
ក្រុមឧទ្ទាមហ៊ូធី ដែលដណ្តើមបានទឹកដីភាគច្រើននៅយេម៉ែនក្នុងសង្រ្គាមស៊ីវិលរបស់ពួកគេ បានសន្យាថានឹងវាយប្រហារលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឬនាវាដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ក្រុមអ៊ីស្លាមហាម៉ាស់ ដែលកំពុងធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។
ទោះបីជាយ៉ាងណាក៏ដោយ នាវារងការវាយប្រហារភាគច្រើន ពុំមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនោះទេ ៕