
ក្រុមមន្រ្តីអ៊ីស្រាអែល និយាយថា ទាហានអ៊ីស្រាអែលម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍បើករថយន្តបំបុក និងព្យាយាមកាប់សម្លាប់នៅទីក្រុងភាគខាងជើង Haifa របស់អ៊ីស្រាអែលនាថ្ងៃចន្ទនេះ ។
លោកវេជ្ជបណ្ឌិត Avi Weissman ដែលជាប្រធានផ្នែកវះកាត់នៅមន្ទីរពេទ្យ Rambam និយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា បុរសវ័យក្មេងម្នាក់ដែលរងរបួសធ្ងន់ធ្ងរ បានមកដល់មន្ទីរពេទ្យរបស់លោក នៅជិតកន្លែងរងការវាយប្រហារ ហើយទទួលបានការព្យាបាលសម្រាប់របួសអវៈយវៈរបស់លោក ។
កងទ័ពអ៊ីស្រាអែលនិយាយថា ទាហានបានរងរបួសដោយសារបុរសម្នាក់ដែលក្រោយមកបើកទ្វាររថយន្តរបស់គាត់ រួចព្យាយាមយកពូថៅដេញកាប់សម្លាប់ទាហាន ។
យោធាអ៊ីស្រាអែល បាននិយាយដោយពុំបានបរិយាយច្រើនពីស្ថានភាព ឬអត្តសញ្ញាណរបស់ជនសង្ស័យថា ជនវាយប្រហារម្នាក់នោះ ត្រូវបានបាញ់ប្រហារ ។
រូបភាពវីដេអូឃ្លីបឃើញសាកសពបុរសម្នាក់ ដេកដួលលើដីនៅកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា សង្រ្គាមតំបន់ហ្គាហ្សាស្រ្ទីប បានបង្កឲ្យកើតមានអំពើហិង្សាផងដែរនៅតំបន់កាន់កាប់វ៉េសប៊ែង ជាកន្លែងដែលជនប៉ាឡេស្ទីន ៥នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល អំឡុងឧបទ្ទេវហេតុ ៤លើកដាច់ដោយឡែកពីគ្នា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ៕