បាត់ដំបង៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង៣០ខ្នង នៅស្រុកឯកភ្នំ ធ្វើឲ្យរលំផ្ទះសង្កាត់ស្ត្រីម្នាក់ស្លាប់ និងបុរសម្នាក់បានរងរបួស កាលពីថ្ងៃទី២៨ ខែមិថុនា ម្សិលមិញនេះ ។
បើតាមមន្ត្រីសាខាកាកបាទក្រហមខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងអំឡុងពេលខ្សល់កន្រ្តាក់ ស្ត្រីរងគ្រោះស្លាប់ដោយសារហេតុការណ៍នោះ ឈ្មោះ ពិន ឈួក អាយុ៦៧ឆ្នាំ បានស្លាប់ ត្រូវជាប្រពន្ធ និងបុរសម្នាក់ឈ្មោះ ញឹម រតនា អាយុ៦៨ឆ្នាំ រងរបួសធ្ងន់ ត្រូវជាប្តី ហើយត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលក្នុងមន្ទីរពេទ្យ ដោយជនរងគ្រោះទាំងពីរនាក់រស់នៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ។
សូមបញ្ជាក់ថា ក្នុងករណីគ្រោះធម្មជាតិនេះ បានធ្វើឱ្យប៉ះពាល់ផ្ទះចំនួន៣២ខ្នង ក្នុងនោះរងការប៉ះពាល់ធ្ងន់ធ្ងរចំនួន ៦ខ្នង នៅក្នុងឃុំចំនួន៣ នៃស្រុកឯកភ្នំ មានឃុំព្រែកខ្ពប ឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង និងបន្ទាប់ពីកើតហេតុណ៍ អាជ្ញាធរបានចុះទៅត្រួតពិនិត្យភ្លាមៗផងដែរ ៕
អត្ថបទ ៖ សុខរិទ្ធ



