ត្រាក់ទ័រជាច្រើនគ្រឿងចតចម្រង់ជួរជាខ្សែយ៉ាងវែង បានបិទផ្លូវហាយវេនៅជិតទីក្រុងប៉ារីស និងទូទាំងប្រទេសបារាំងកាលពីថ្ងៃចន្ទ ខណៈក្រុមកសិករបានគំរាមដល់អ្វីដែលត្រូវបានហៅថាជាការឡោមព័ទ្ធ ទីក្រុងប៉ារីស។

ការបិទផ្លូវសរុបចំនួន ២៥ខ្សែ បានកើតឡើងនៅទូទាំងប្រទេស ដោយមានបាតុករប្រមាណ១.៧០០នាក់ ប្រមូលផ្ដុំតាមផ្លូវនានា ស្របពេលពួកគេបន្តការតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយទំនិញនាំចូលមានតម្លៃថោក និងផលប៉ះពាល់នៃគោលនយោបាយបម្រែបម្រួលអាកាសធាតុ ជាដើម។

លោក ផាកាល់ ឌីប្រេស (Pascal Desprez) ជាកសិករម្នាក់មានវ័យ៦៥ ឆ្នាំ ដែលធ្វើការក្នុងវិស័យកសិកម្មអស់រយៈពេល ៤២ ឆ្នាំបាននិយាយនៅលើផ្លូវ A10 ក្បែរទីក្រុងប៉ារីសថា យើងនៅទីនេះដោយសារតែយើងមិនសប្បាយចិត្តនឹងគោលនយោបាយកសិកម្ម។
ក្រុមកសិករនិយាយថាពួកគេកំពុងត្រូវបានគេច្របាច់កដោយបទប្បញ្ញត្តិ ហើយអះអាងថារបៀបរស់នៅតាមជនបទកំពុងប្រឈមនឹងការដួលរលំ។ ការតវ៉ាដែលកំពុងបន្តនៅទូទាំងប្រទេសដោយក្រុមកសិករបារាំងឥឡូវនេះកំពុងក្លាយជាវិបត្តិធ្ងន់ធ្ងរសម្រាប់លោកនាយករដ្ឋមន្ត្រីថ្មី ហ្កាប្រៀល អាតាល់ (Gabriel Attal)ដែលទើបតែបម្រើការងារមិនទាន់បានមួយខែផងនោះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ម៉ាក ហ្វេ ណូ (Marc Fesneau) និយាយថា បំណងប្រាថ្នារបស់រដ្ឋាភិបាលគឺចង់ដើរចេញពីវិបត្តិ និងផ្តល់ការឆ្លើយតបជាក់លាក់។ ក្រុមរដ្ឋមន្ត្រីបានប្រកាសរួចហើយពីវិធានការថ្មីមួយចំនួន រួមទាំងសំណងដើម្បីទូទាត់ពន្ធលើពន្ធប្រេងសម្រាប់កសិកម្ម ជាការកាត់បន្ថយស្តង់ដារបរិស្ថាន និងការសម្រួលបទប្បញ្ញត្តិ។
ក្រុមកសិករក៏ចង់បិទផ្សារបន្លែ និងផ្លែឈើលក់ដុំដ៏ធំនៅជាយក្រុងប៉ារីសផងដែរ ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃបាននិយាយថា ការធ្វើបែបនេះ នឹងក្លាយជាបន្ទាត់ក្រហមសម្រាប់រដ្ឋាភិបាល ហើយនគរបាលចំនួន ១៥.០០០ នាក់ត្រូវបានដាក់ពង្រាយកាលពីថ្ងៃចន្ទ ដើម្បីតាមដានសកម្មភាពតវ៉ាទាំងឡាយ៕