ប្រទេសអ៊ីស្រាអែល បានបើកការវាយលុកទៅលើទីក្រុងធំបំផុតនៅតំបន់ហ្កាហ្សា ប៉ុន្មានសប្តាហ៍បន្ទាប់ពីការដកខ្លួនចេញពីទីក្រុងនេះ ខណៈទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាកាលពីថ្ងៃចន្ទថា នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារកងទ័ពរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដ៏ឃោឃៅនៅប្រទេសហ្ស៊កដានី ជាការស្លាប់របស់យោធាសហរដ្ឋអាមេរិកលើកដំបូងនៅមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមហ្កាហ្សា បានចាប់ផ្តើម។

មួយថ្ងៃ បន្ទាប់ពីសមាជិកអង្គភាពសេវាអាមេរិកបីនាក់នៅក្នុងប្រទេសហ្ស៊កដានី ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ៣៤ នាក់ បានរងរបួស ជាអ្វីដែលទីក្រុងវ៉ាស៊ីនតោន ហៅថាការវាយប្រហារដោយយានដ្រូនធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ រដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden កំពុងស្ថិតនៅក្រោមសម្ពាធដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយមិនបង្កឱ្យមានសង្រ្គាមកាន់តែរីកធំ។

រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បាននិយាយកាលពីថ្ងៃចន្ទ នៅមន្ទីរបញ្ចកោណ ថា លោកប្រធានាធិបតី និងលោក នឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនោះទេ ហើយយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសហរដ្ឋអាមេរិក និងកងទ័ពរបស់យើង។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយថា យើងមិនចង់ឱ្យមានសង្រ្គាមកាន់តែរីកធំជាមួយប្រទេសអ៊ីរ៉ង់នោះទេ។

នៅតំបន់ហ្កាហ្សាភាគខាងជើង ពលរដ្ឋបាននិយាយថា ការវាយប្រហារតាមអាកាស កាលពីថ្ងៃចន្ទលើសង្កាត់នានានៅទូទាំងទីក្រុងហ្កាហ្សា ជាទីក្រុងធំបំផុតនៃតំបន់ហ៊ុមព័ទ្ធ បានសម្លាប់ និងធ្វើឲ្យរបួសមនុស្សជាច្រើននាក់។ ពួកគេ បាននិយាយថា ខណៈរថក្រោះអ៊ីស្រាអែល បានបាញ់ផ្លោងនៅតំបន់ភាគខាងកើតទីក្រុង នាវាកងទ័ពជើងទឹក បានបាញ់ទៅលើតំបន់ឆ្នេរនៅភាគខាងលិច។ ការជំរុញជាថ្មីរបស់អ៊ីស្រាអែល នៅក្នុងទីក្រុងហ្កាហ្សា ជាកន្លែងដែលពលរដ្ឋរាយការណ៍ពីការប្រយុទ្ធគ្នាដោយកាំភ្លើងយ៉ាងខ្លាំង នៅជិតមន្ទីរពេទ្យ Al-Shifa ដោយបាននិយាយថា សង្រ្គាមនឹងពុំមានផែនការទេ។