ការសម្លាប់ទាហានអាមេរិកបីនាក់ និងរបួសរាប់សិបនាក់ កាលពីថ្ងៃអាទិត្យដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងដាក់សម្ពាធនយោបាយលើលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីដោះស្រាយការវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងអ៊ីរ៉ង់ ដោយជាជំហានមួយដែលលោកស្ទាក់ស្ទើរក្នុងការធ្វើដោយភ័យខ្លាចការបញ្ឆេះសង្រ្គាមកាន់តែទូលំទូលាយ។

ក្រុមអ្នកជំនាញបាននិយាយថា ជម្រើសឆ្លើយតបរបស់លោក បៃដិន អាចមានច្រើនយ៉ាងរាប់ចាប់ពីការកំណត់គោលដៅលើកងកម្លាំងអ៊ីរ៉ង់នៅខាងក្រៅ រហូតដល់ខាងក្នុងប្រទេសអ៊ីរ៉ង់ ឬជ្រើសរើសការវាយប្រហារសងសឹកដែលមានការប្រុងប្រយ័ត្នជាងនេះ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលជាអ្នកទទួលខុសត្រូវលើការវាយប្រហារលើកងទ័ពអាមេរិក។

កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាត្រូវបានវាយប្រហារច្រើនជាង ១៥០ដង ដោយកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី ហ្ស៊កដានី និងនៅក្រៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងក្នុងខែតុលាមក។

ការវាយប្រហារផ្សេងទៀតមិនបានសម្លាប់ទាហានអាមេរិក ឬបង្កឲ្យរងរបួសច្រើននាក់នោះទេ គឺមានតែការវាយប្រហារកាលពីថ្ងៃអាទិត្យ លើប៉ុស្តិ៍យោធាដាច់ស្រយាលមួយដែលគេស្គាល់ថាជា ប៉ម-២២ (Tower 22) នៅជិតព្រំដែនភាគឦសាននៃប្រទេសហ្ស៊កដានី ជាមួយប្រទេសស៊ីរីនេះប៉ុណ្ណោះ។
ហេតុការណ៍នោះបានអនុញ្ញាតឱ្យលោក បៃដិន មានលំហនយោបាយដើម្បីឆ្លើយតបនឹងការសងសឹករបស់សហរដ្ឋអាមេរិក ដោយធ្វើការវាយប្រហារបកលើកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់ ហើយមិនប្រថុយនឹងការកើតមានសង្រ្គាមដោយផ្ទាល់ជាមួយទីក្រុងតេអេរ៉ង់៕