ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សាជាថ្មី អំពីសារៈសំខាន់ នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ានដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូកាន់តែស៊ីជម្រៅ ដើម្បីរក្សា និងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់។
ឯកឧត្តម សុខ ចិន្តាសោភា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ការពង្រឹងការតភ្ជាប់ និងភាពធន់»។ ចំពោះ «ការពង្រឹងការតភ្ជាប់» មានអាទិភាពចំនួនបួនពោលគឺ៖ សមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច, ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ននិងចីរភាព, ការផ្លាស់ប្ដូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ានដើម្បីឱ្យមានបរិយាបន្ន និងចីរភាព។
ចំពោះ «ការពង្រឹង ភាពធន់» មានអាទិភាពចំនួនប្រាំ ពោលគឺ៖ ការបង្កើតផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបរិស្ថាន ការលើកកម្ពស់តួនាទីស្ត្រី និងកុមារឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងអាស៊ាន និង ការពង្រឹងភាពធន់ នៃការអភិវឌ្ឍសុខាភិបាលអាស៊ានក្នុងបរិបទថ្មី។
ក្នុងកិច្ចប្រជុំចង្អៀតនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការបញ្ចប់សេចក្ដីសម្រេចចិត្តពីរឆ្នាំម្តងស្ដីពីសន្ធិសញ្ញាតំបន់អាស៊ី អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដែលឈានទៅដល់ការអនុម័តសេចក្ដីសម្រេចចិត្តនេះ ដោយគណៈកម្មាធិការទី១ នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលការណ៍នេះបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់ដែលអាស៊ានផ្ដោតទៅលើការមិនរីកសាយភាយ និងការរំសាយអាវុធនុយក្លេអ៊ែរ។
ជាងនេះទៅទៀតឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាន ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ ហើយក៏បានបង្ហាញការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រដល់ទីម័រឡេស្តេ បន្ថែមទៀតក្នុងការកសាងសមត្ថភាព និងការចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពនានារបស់អាស៊ាន។
ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានាបន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃ និងជាន់គ្នាបានបង្កជាកង្វល់ និងក្តីបារម្ភសម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងបរិបទនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ានដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូកាន់តែស៊ីជម្រៅ ដើម្បីរក្សា និងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់៕


