យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលតម្រង់គោលដៅ(cruise missiles)មិនស្គាល់ប្រភេទជាច្រើនគ្រាប់ នៅថ្ងៃអង្គារ ទី៣០ខែមករា នេះ ចូលទៅក្នុងសមុទ្រក្បែរឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ក្លាយជាលើកទី៣ ដែលទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅក្នុងពេលមិនដល់មួយសប្ដាហ៍ផង។

នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាមីស៊ីលនេះត្រូវបានបាញ់នៅម៉ោងប្រហែល៧ព្រឹក ម៉ោងនៅឧបទ្វីបកូរ៉េ ។
ប្រភពខាងលើបាននិយាយថា ក្រុមអាជ្ញាធរចារកម្មអាមេរិក និងកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់ពីស្ថានភាពនោះ។

ការបាញ់នេះ បានកើតមានឡើង ស្របពេលភាពតានតឹងកើនឡើងខ្លាំង នៅលើឧបទ្វីបកូរ៉េ និងក្រោយការបាញ់មីស៊ីលតម្រង់គោលដៅមួយគ្រាប់ផ្សេងទៀត ដោយកូរ៉េខាងជើងជិតឆ្នេរសមុទ្រខាងកើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីសប្ដាហ៍មុនថា ប្រទេសនេះបានសាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រប្រភេទថ្មីមួយគ្រាប់៕