បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍កាលពីថ្ងៃចន្ទ ២៩ មករា បានជំរុញឱ្យបញ្ចប់ជម្លោះបង្ហូរឈាមនៅសហភាពមីយ៉ាន់ម៉ា និងបានបង្ហាញការរួបរួមក្នុងការគាំទ្ររបស់ខ្លួនចំពោះផែនការសន្តិភាពក្នុងតំបន់ និងដំណោះស្រាយដឹកនាំដោយសហភាពមីយ៉ាន់ម៉ាខ្លួនឯងចំពោះវិបត្តិនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការដកថយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រុមរដ្ឋមន្ត្រីបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសថ្មីស្តីពីវិបត្តិមកពីប្រទេសឡាវក្នុងការ ទាក់ទងទៅភាគីពាក់ព័ន្ធ និងបង្ហាញទំនុកចិត្តរបស់លោកក្នុងការជួយដល់ប្រជាជនមីយ៉ាន់ម៉ា។

សហភាពមីយ៉ាន់ម៉ា ត្រូវបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០២១ ដែលបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេស និងបានបញ្ចប់យ៉ាងឆាប់រហ័យនៃលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី និងកំណែទម្រង់សេដ្ឋកិច្ចរយៈពេលមួយទសវត្សរ៍។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បេសកជនពិសេសថ្មីលោក អាលូនកែវគីទីខួន (Alounkeo Kittikhoun)បានជួបប្រមុខរបបសឹកអំឡុងដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាកាលពីដើមខែនេះ។ ទាំងអាស៊ាន ទាំងឡាវ មិនទាន់បានប្រកាសអំពីការធ្វើដំណើរនោះនៅឡើយទេ ហើយគេមិនច្បាស់ថាតើលោកបានជួបក្រុមប្រឆាំងរបបយោធាណាមួយឬអត់។
រដ្ឋមន្ត្រីរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយដោយសន្តិភាព គ្រប់ជ្រុងជ្រោយ និងយូរអង្វែងចំពោះវិបត្តិដែលកំពុងបន្ត ខណៈមីយ៉ាន់ម៉ានៅតែជាផ្នែកសំខាន់មួយនៃអាស៊ាន៕