សារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៨ មករា) ថាសហភាពអឺរ៉ុប នឹងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី ប្រសិនបើទីក្រុង ប៊ុយដាប៉េស (Budapest) រារាំងជំនួយថ្មីដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលមួយក្នុងសប្តាហ៍នេះ ក្រោមផែនការសម្ងាត់ដែលបង្កើតឡើងដោយទីក្រុងប្រ៊ុចសែល។

ទីក្រុងប្រ៊ុចសែល បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រដើម្បីកំណត់យ៉ាងច្បាស់នូវភាពទន់ខ្សោយសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី បង្អាក់រូបិយប័ណ្ណ និងជំរុញឱ្យមានការដួលរលំនៃទំនុកចិត្តរបស់វិនិយោគិន ក្នុងគម្រោងដើម្បីបង្កផលប៉ះពាល់ដល់ «ការងារ និងកំណើនសេដ្ឋកិច្ច» ប្រសិនបើទីក្រុង ប៊ុយដាប៉េស បដិសេធមិនដកសិទ្ធិវេតូរបស់ខ្លួនលើជំនួយដល់ទីក្រុងគីវ នេះបើយោងតាមសារព័ត៌មានដដែលនេះបានរាយការណ៍ដោយដកស្រង់ឯកសារដែលរៀបចំឡើងដោយក្រុមមន្ត្រីសហភាពអឺរ៉ុប។

ដោយទទួលបានភាពល្បីល្បាញដោយសារជម្លោះដ៏ជូរចត់ជាច្រើនជាមួយសហភាពអឺរ៉ុបក្នុងអំឡុងពេលកាន់អំណាច ១៣ឆ្នាំ របស់ខ្លួន នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ីកទ័រ អ័របាន (Viktor Orban) បានក្លាយជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការគាំទ្ររបស់ប្លុកនេះសម្រាប់អ៊ុយក្រែន ហើយបង្កើនទំនាក់ទំនងរបស់លោកជាមួយវិមានក្រឹមឡាំង ចាប់តាំងពីរុស្ស៊ី បានធ្វើសង្រ្គាមនៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក៕
