កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃចន្ទថា យោធាអ៊ីស្រាអែល បានបំផ្ទុះផ្លូវរូងក្រោមដីមួយ នៅក្រោមទីបញ្ចុះសពក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីបានរកឃើញថា ក្រុមភេរវករហាម៉ាស កំពុងប្រើប្រាស់ផ្លូវរូងក្រោមដីសម្រាប់សកម្មភាពរបស់ខ្លួន។

កងកម្លាំងការពារនេះ បាននិយាយថា ទាហានអ៊ីស្រាអែល បានឆ្មក់ចូលប្រព័ន្ធផ្លូវរូងក្រោមដីក្នុងសង្កាត់ បានីស៊ុហេឡា (Bani Suheila) ក្នុងទីក្រុងហ្កាហ្សាភាគខាងត្បូងនៃទីក្រុងខាន់យូនីស (Khan Younis) ដោយបានរកឃើញគ្រឿងផ្ទុះ ទ្វាររុញ និងទ្វារការពារការផ្ទុះ។ ក្រុមភេរវករ នៅតែនៅខាងក្នុង ហើយត្រូវបានគេសម្លាប់ នេះបើយោងតាមយោធាអ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ផ្លូវរូងក្រោមដីទាំងនោះ មានការិយាល័យរបស់មេបញ្ជាការក្រុមហាម៉ាស បន្ទប់ប្រតិបត្តិការ និងកន្លែងរស់នៅសម្រាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស។ កងកម្លាំងនេះ បានបន្ថែមថា ផ្លូវរូងក្រោមដីនេះ ត្រូវបានប្រើដើម្បីរៀបចំផែនការវាយប្រហារប្រឆាំងនឹងយោធាក៏ដូចជាការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែល បានបន្ថែមទៀតថា ផ្លូវរូងក្រោមដីនេះ ជាផ្នែកមួយនៃលំហរក្រោមដីដ៏ស្មុគស្មាញមួយ ហើយមានប្រវែងប្រហែលមួយគីឡូម៉ែត្រ និងជម្រៅ ២០ម៉ែត្រ។ អង្គភាពវិស្វកម្មពិសេស Yahalom បានរុះរើផ្លូវរូងក្រោមដី នៅចុងបញ្ចប់នៃការស៊ើបអង្កេតរបស់ខ្លួន។
យោងតាមការវិភាគពីផ្កាយរណបដោយសារព័ត៌មាន AP ហាក់ដូចជាទីបញ្ចុះសពស៊ុងហាដាបានីស៊ុហេឡា (Shuhadaa Bani Suheila)។ អ្វីដែលនៅសេសសល់នោះ គឺជារណ្តៅដ៏ធំមួយនៃកម្ទេចថ្មលាយនឹងគ្រោងឆ្អឹង ដែលត្រូវបានបន្សល់ពីការផ្ទុះនោះ។