សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២៩ មករា) បានចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញលើប្រទេសវេណេហ្ស៊ុយអេឡា ហើយប្រភពរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បាននិយាយថា ការរឹតបន្តឹងលើឧស្សាហកម្មប្រេងអាចត្រូវបានអនុញ្ញាតឱ្យផុតកំណត់ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះបានគាំទ្រការហាមឃាត់បេក្ខភាពរបស់គណបក្សប្រឆាំងឈានមុខគេ នៅក្នុង ការបោះឆ្នោតប្រធានាធិបតី។

សហរដ្ឋអាមេរិក បានផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់សមាជិកអង្គការ OPEC គឺប្រទេសវ៉េណេហ្ស៊ុយអេឡា នេះក្នុងខែតុលា ក្នុងការទទួលស្គាល់កិច្ចព្រមព្រៀងសម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ។

ប៉ុន្តែការបន្ធូរបន្ថយនោះ ត្រូវបានគេដាក់លក្ខខណ្ឌលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ឲ្យដោះលែងអ្នកទោសមួយចំនួនដែលមានទំនាក់ទំនងនឹងក្រុមប្រឆាំង និងអ្នកទោសជនជាតិអាមេរិក ព្រមទាំអធ្វើឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកការដកបម្រាមលើឥស្សរជនប្រឆាំងមួយចំនួន។

ទោះបីជាប្រទេសវេណេហ្ស៊ុយអេឡា ក្នុងខែធ្នូបានអនុវត្តការដោះដូរអ្នកទោសក៏ដោយ ក៏តុលាការកំពូលសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី ម៉ាឌូរ៉ូ កាលពីថ្ងៃសុក្រ បានបន្តការហាមឃាត់បេក្ខភាពបក្សប្រឆាំងលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ (Maria Corina Machado) ដោយជំរុញការរកឃើញកាលពីមុនដែលថាលោកស្រីគាំទ្រការដាក់ទណ្ឌកម្ម និងរដ្ឋាភិបាលបណ្តោះអាសន្នរបស់គណបក្សប្រឆាំង គាំទ្រដោយសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលលោកប្រធានាធិបតី ម៉ាឌូរ៉ូ ស្តីបន្ទោសចំពោះការបាត់បង់ទ្រព្យសម្បត្តិបរទេសរបស់វេណេហ្ស៊ុយអេឡា៕