រដ្ឋាភិបាលចិនបានតវ៉ាចំពោះសហរដ្ឋអាមេរិកជុំវិញការប្រព្រឹត្តលើជនជាតិចិនដែលទៅសិក្សានៅអាមេរិក ដោយនិយាយថា អ្នកខ្លះត្រូវបានសួរចម្លើយអស់ជាច្រើនម៉ោង មានការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិក ហើយក្នុងករណីខ្លះត្រូវបាននិរទេសចេញពីប្រទេសដោយបង្ខំទៀតផង។ យោងតាមការបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិន។

លោក ស៊ីហ្វឹង (Xie Feng) ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ជនជាតិចិនរាប់សិបនាក់ដែលកាន់ទិដ្ឋាការត្រឹមត្រូវត្រូវបានបដិសេធមិនឲ្យចូលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នៅពេលត្រឡប់ទៅសាលារៀនវិញបន្ទាប់ពីការធ្វើដំណើរទៅក្រៅប្រទេស ឬទៅសួរសុខទុក្ខសាច់ញាតិក្នុងប្រទេសចិន ។

លោកបាននិយាយកាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍នៅឯស្ថានទូត ស្តីពីការផ្លាស់ប្តូរនិស្សិត ថា នៅពេលពួកគេចុះចតនៅអាកាសយានដ្ឋាន អ្វីដែលរង់ចាំពួកគេគឺការសួរចម្លើយរយៈពេលប្រាំបីម៉ោងដោយក្រុមមន្ត្រីដែលហាមឃាត់ពួកគេមិនឱ្យទាក់ទងឪពុកម្តាយរបស់ពួកគេ ជាចោទប្រកាន់ដោយគ្មានមូលដ្ឋានលើនិសិត្សទាំងនោះ ហើយថែមទាំងបានបង្ខំពួកគេធ្វើមាតុភូមិនិវត្តន៍ និងហាមឃាត់មិនឲ្យចូលក្នុងអាកាសយានដ្ឋានទៀតផង ។ លោកបាននិយាយថា ទង្វើបែបនេះ ពិតជាមិនអាចទទួលយកបានោឡើយ ។
ការតវ៉ានេះកើតឡើងខណៈសហរដ្ឋអាមេរិក និងចិនព្យាយាមជំរុញនិស្សិត និងការផ្លាស់ប្តូរផ្សេងទៀត ដើម្បីពង្រឹងទំនាក់ទំនងរវាងមហាអំណាចទាំង២ ដែលបានប្រែក្លាយការប្រឈមដាក់គ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើ ផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស និងទិសដៅអនាគតរបស់ពិភពលោកជាដើម។

យោងតាមការផ្សព្វផ្សាយរបស់ស្ថានទូត និស្សិតចិនជិត ២៩ម៉ឺននាក់កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ប្រហែលមួយភាគបីនៃនិស្សិតបរទេសនៅក្នុងប្រទេសនោះ។ ចិនមាននិស្សិតជាង១,៣លាននាក់កំពុងសិក្សានៅបរទេសច្រើនជាងប្រទេសផ្សេងៗ។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតដាច់ដោយឡែកមួយ ស្ថានទូតចិនបាននិយាយថា ខ្លួនបានតវ៉ាទៅនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក អំពីការធ្វើទុកបុកម្នេញលើនិសិ្សតដែលបានទៅដល់អាកាសយានដ្ឋាន ឌូឡេស (Dulles) ក្នុងទីក្រុង Washington, DC ។ សេចក្តីថ្លែងការណ៍នេះបានដាស់តឿននិស្សិតចិនឱ្យមានការប្រុងប្រយ័ត្ននៅពេលចូលទៅក្នុងអាកាសយានដ្ឋាននោះ ៕