កងកម្លាំងអ៊ីស្រាអែល បាននិយាយថា ពួកគេបានសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាស ដែលព្យាយាមវាយឆ្មក់ទាហាន កាលពីថ្ងៃចន្ទ នៅជិតមន្ទីរពេទ្យមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្កាហ្សា។ បុគ្គលិកផ្តល់ជំនួយជាមួយអង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា ពលរដ្ឋអ៊ីស្រាអែលកំពុងដាក់គោលដៅលើនរណាម្នាក់ ដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។

បុគ្គលិកផ្តល់ជំនួយ បាននិយាយថា មន្ទីរពេទ្យ Al-Amal ក្នុងទីក្រុង Khan Younis បានស្ថិតនៅក្រោមការហ៊ុមព័ទ្ធរយៈពេល៨ថ្ងៃមកហើយ ហើយមានការបាញ់ផ្លោងដែលបានធ្វើឱ្យក្រុមរបស់ពួកគេពុំអាចទៅដល់អ្នកឡាយដែលត្រូវការជំនួយ។

ពួកគេ និយាយថា កង្វះការផ្គត់ផ្គង់អុកហ្សីសែន បានបង្ខំឱ្យពួកគេបញ្ឈប់ការវះកាត់។ បុគ្គលិកជំនួយប៉ាឡេស្ទីន ជាមួយទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ បានទទួលដំណឹងថា មន្ត្រីអ៊ីស្រាអែល ចោទប្រកាន់ពួកគេពីការជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីខែតុលា។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា មន្ត្រីចារកម្មអ៊ីស្រាអែល បានចែករំលែកឯកសារ ដែលចុះបញ្ចីឈ្មោះបុគ្គលិក។
ពួកគេនិយាយថា ឯកសារនេះ បានចោទប្រកាន់បុគ្គលិកមួយចំនួនបានផ្គត់ផ្គង់គ្រាប់រំសេវ និងជួយក្នុងការចាប់ពង្រត់ និងបាននិយាយថាបុគ្គលិកទីភ្នាក់ងារ UNRWA ១៩០ នាក់គឺជា អ្នកប្រយុទ្ធដ៏រឹងរូស។ ការចោទប្រកាន់នេះ បានជំរុញឱ្យប្រទេសជាង១០ រួមមានទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងជប៉ុន ផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងជួបប្រជុំនៅថ្ងៃអង្គារនេះ ជាមួយគណៈប្រតិភូនៃប្រទេសម្ចាស់ជំនួយធំៗ។
អ្នកនាំពាក្យរបស់លោក លោក Stephane Dujarric បាននិយាយថាអង្គការសហប្រជាជាតិ មាន បុគ្គលិកដែលខិតខំប្រឹងប្រែងធ្វើការរាប់ម៉ឺននាក់កំពុងធ្វើការនៅទូទាំងតំបន់។ លោក និយាយថា លោក Guterres សង្ឃឹមថាម្ចាស់ជំនួយនឹង ធានាបាននូវការបន្តប្រតិបត្តិការរបស់ទីភ្នាក់ងារ UNRWA។ មន្ត្រីទីភ្នាក់ងារបានព្រមានថា មូលនិធិរបស់ពួកគេ អាចនឹងអស់នៅចុងខែកុម្ភៈ។