ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានដោះស្រាយទំនាស់ដីធ្លី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីជំរុញការចុះបញ្ជីដីធ្លីនៅតំបន់៣ ដែលស្ថិតនៅជុំវិញបឹងទន្លេសាបឲ្យមានភាពច្បាស់លាស់ និងងាយស្រួលគ្រប់គ្រង ។
ក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការគ្រប់គ្រងដីធ្លីតំបន់ទន្លេសាប នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា កិច្ចប្រជុំនេះ មានគោលបំណងចង់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធ រួមសហការគ្នា ក្នុងចុះបញ្ជីដីធ្លីនៅតំបន់បឹងទន្លេសាប ដើម្បីធ្វើនូវផែនទីមួយឲ្យបានច្បាស់លាស់ បន្ទាប់ពីមានការកាត់ឆ្វៀលរួចរាល់ (ជាលក្ខណៈស្បែកខ្លា) ។
ឯកឧត្តមបន្តថា ដើម្បីឲ្យការងារនេះទទួលបានជោគជ័យ អាជ្ញាធរបឹងទន្លេសាប ត្រូវពង្រឹងតួនាទី លើការគ្រប់គ្រងរបស់ខ្លួន ទាក់ទងនឹងដីនៅជុំវិញតំបន់នេះ ហើយស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការចុះបញ្ជីដីរបស់រដ្ឋឲ្យបានជាក់លាក់ បន្ទាប់មកទៀតកាត់ឆ្វៀលដី ដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋឲ្យរួចរាល់ ទើបឈានដល់ការចុះបញ្ជីដីធ្លី នៅជុំវិញបឹងទន្លេសាប ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា លែងមានការលើកលែង ចំពោះអ្នកលួចកាប់ទន្ទ្រាន ឈួសឆាយដីតំបន់៣នេះបន្តទៅទៀតហើយ គឺត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ តាមបទបញ្ជីរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងគោរច្បាប់ខ្ជាប់ខ្ជួន ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា តំបន់បឹងទន្លេសាប មានផ្ទៃដីប្រមាណជាង ១លានហិកតា ហើយត្រូវបានកាត់ឆ្វៀលជាតំបន់៣ និងតំបន់២ ។
បើតាមការអះអាងរបស់អភិបាលខេត្តមួយចំនួន ដែលស្ថិតនៅជុំវិញបឹងទន្លេសាប បានលើកឡើងថា ទោះបីជាមានការអនុវត្តន៍ដោយម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរ តាមបទបញ្ជារបស់សម្ដេចតេជោក៏ដោយ ប៉ុន្តែនៅតំបន់ខ្លះ ក៏នៅមានការបន្តលួចកាប់ទន្ទ្រាន ហើយទៅធ្វើស្រែនៅលើដីហាមឃាត់ ។ តែយ៉ាងណាអភិបាលខេត្តទាំងអស់នោះ បានប្ដេជ្ញាខិតខំបន្តទប់ស្កាត់ និងគាំទ្រ នូវផែនការរបស់ឯកឧត្តម សាយ សំអាល់ លើការងារចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាបនេះ ។
គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដីព្រៃលិចទឹកនៅតំបន់៣ ត្រូវបានលួចកាប់ទន្ទ្រាន និងឈូសឆាយយកដោយខុសច្បាប់ជាបន្តបន្ទាប់ ទើបនៅចុងអាណត្តិទី៦ សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី បានបញ្ជាទៅកាន់ក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្រ្កាប និងទប់ស្កាត់ឲ្យបានជាដាច់ខាត និងបញ្ជាឲ្យបង្កើតគណៈកម្មការមួយ ដើម្បីធ្វើការនេះផងដែរ ៕
អត្ថបទ ៖ បាន សុខរិទ្ធ






