
បញ្ហាអន្តោប្រវេសន៍ថ្មីៗនេះបានបង្កើនភាពតានតឹងរវាងរដ្ឋតិចសាស់ (Texas) ភាគខាងត្បូងរបស់សហរដ្ឋអាមេរិក និងរដ្ឋាភិបាលសហព័ន្ធ ដោយបង្កជាការប្រកាន់បក្សពួក និងការភ័យខ្លាចនៃវិបត្តិរដ្ឋធម្មនុញ្ញនៅក្នុងសហរដ្ឋអាមេរិក។
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចកាលពីដើមខែមករា ថាភ្នាក់ងារសហព័ន្ធអាចកាត់ខ្សែលួសដែលរដ្ឋតិចសាស់ បានដំឡើងនៅតាមព្រំដែននៃសហរដ្ឋអាមេរិក និងម៉ិកស៊ិក។ ខ្សែលួស ដែលដាក់តាមបញ្ជារបស់អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបបុត (Greg Abbott) នេះគឺមានគោលបំណងរារាំងជនអន្តោប្រវេសន៍មិនឲ្យឆ្លងព្រំដែន។
លោកអភិបាល អាបបុត បាននិយាយថា ប្រតិបត្តិការនេះគឺស្ថិតនៅក្នុង «សិទ្ធិការពារខ្លួន» តាមរដ្ឋធម្មនុញ្ញ ហើយលោកបានចោទប្រកាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) ពីការខកខានក្នុងការបំពេញកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ខ្លួនក្នុងការការពារព្រំដែនរបស់ប្រទេស ដោយអនុញ្ញាតឱ្យជនអន្តោប្រវេសន៍រាប់លាននាក់ចូលប្រទេសដោយខុសច្បាប់។
«ការប្រឈមមុខដាក់គ្នា» ដែលមិនធ្លាប់មានពីមុនមករវាងរដ្ឋតិចសាស់ និងរដ្ឋាភិបាលសហព័ន្ធជុំវិញព្រំដែនភាគខាងត្បូងកំពុងកើនឡើងយ៉ាងខ្លាំង នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក។ ការស្ទង់មតិបានបង្ហាញថា អន្តោប្រវេសន៍គឺជាបញ្ហាចម្បងមួយសម្រាប់អ្នកបោះឆ្នោតអាមេរិក នៅពេលដែលប្រទេសនេះឈានចូលការបោះឆ្នោតនៅឆ្នាំ២០២៤ នេះ៕