
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ចេញឈ្មោះទាហាន ៣នាក់ដែលត្រូវបានសម្លាប់ដោយការវាយប្រហារដោយយានដ្រូនរបស់សត្រូវនៅក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យ (ទី២៨ ខែមករា)។
ទាហានរងគ្រោះទាំងនោះ គឺពលបាល William Jerome Rivers វ័យ ៤៦ឆ្នាំ អ្នកឯកទេស Kennedy Ladon Sanders វ័យ ២៤ឆ្នាំ និងអ្នកឯកទេស Breonna Alexsondria Moffett វ័យ ២៣ឆ្នាំ ដោយអ្នកទាំង៣ បានស្លាប់នៅពេលដែលយានដ្រូនវាយប្រហារអគារលំនៅឋានរបស់ពួកគេ។
គួរបញ្ជាក់ដែរថា ការវាយប្រហារកាលពីថ្ងៃអាទិត្យនោះ ដែលបានធ្វើឲ្យទាហានរាប់សិបនាក់ផ្សេងទៀតរងរបួស គឺជាការវាយប្រហារដែលធ្វើឲ្យមានអ្នកបាត់បង់ជីវិតលើកទី១ ប្រឆាំងនឹងទាហានអាមេរិក គិតចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងក្នុងខែតុលា ហើយបង្ហាញឲ្យឃើញពីការកើនឡើងនូវភាពតានតឹងយ៉ាងខ្លាំងក្លាដែលបានរួបរឹតតំបន់មជ្ឈិមបូព៌ា។
សហរដ្ឋអាមេរិកបានស្តីបន្ទោសក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ សម្រាប់ការវាយប្រហារនេះ ហើយមន្ទីរបញ្ចកោណបាននិយាយថា ខ្លួនបានអនុវត្តតាម «ស្នាម» របស់ក្រុមហេសបូឡាហ៍។ ជាមួយគ្នានេះ មន្ទីរបញ្ចកោណក៏បានបញ្ជាក់ជាថ្មីដែរថា អាមេរិកមិនចង់មានសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយ CBS News ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC បានឲ្យដឹងថា មន្ត្រីអាមេរិកបានប្រាប់ថា យានដ្រូនដែលប្រើក្នុងការវាយប្រហារនេះ ទំនងជាផលិតដោយអ៊ីរ៉ង់។ មន្ត្រីរូបនេះបញ្ជាក់ថា វាជាប្រភេទយានដ្រូន Shahed ដែលជាយានដ្រូនវាយប្រហារឯកទិសដែលអ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ី។ តែអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់របស់អាមេរិក និងអង់គ្លេសដែលថា ខ្លួនគាំទ្រក្រុមសកម្មប្រយុទ្ធដែលត្រូវបានបន្ទោស ចំពោះការវាយប្រហារនេះ៕