
ក្រុមហ៊ុន Toyota Motor ដែលបើកគេហទំព័រថ្មី បាននិយាយកាលពីថ្ងៃចន្ទ (ទី២៩ ខែមករា) ថា ខ្លួនកំពុងជំរុញឲ្យម្ចាស់រថយន្តចាស់ៗ នៅសហរដ្ឋអាមេរិកចំនួន ៥០.000គ្រឿង ធ្វើការជួសជុលជាបន្ទាន់ ដោយសារពោងខ្យល់អាចផ្ទុះ និងអាចធ្វើឲ្យអ្នកបើកបរបាត់បង់ជីវិតបាន។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានឲ្យដឹងថា ការណែនាំ «កុំឲ្យបើកបរ» នេះ ក្ដោបលើរថយន្តម៉ូដែល Corolla ឆ្នាំ២០០៣-២០០៤ Corolla Matrx ឆ្នាំ២០០៣-២០០៤ និង RAV4s ឆ្នាំ២០០៤-២០០៥ ដែលមានពោងខ្យល់ Takata ។
គួរបញ្ជាក់ថា មានអ្នកស្លាប់ជាង ៣០នាក់ នៅទូទាំងពិភពលោក ក្នុងនោះរួមទាំងការស្លាប់ នៅសហរដ្ឋអាមេរិកចំនួន ២៦នាក់ និងការរងរបួសរាប់រយនាក់ នៅក្នុងរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តជាច្រើន ចាប់តាំងពីឆ្នាំ២០០៩ ត្រូវបានផ្សារភ្ជាប់ទៅនឹងពោងខ្យល់ Takata ដែលអាចផ្ទុះ បញ្ចេញកម្ទេចដែក នៅខាងក្នុងរថយន្ត និងរថយន្តដឹកទំនិញ។
ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ ឧបករណ៍ពោងខ្បល់សុវត្ថិភាព Takata ជាង ៦៧លាន ត្រូវបានប្រមូលមកវិញ នៅសហរដ្ឋអាមេរិកដោយក្រុមហ៊ុនផលិតរថយន្តជាង២០ និងពោងខ្យល់ ១០០លាននៅទូទាំងពិភពលោក ដែលជាការអំពាវនាវឲ្យប្រមូលត្រឡប់មកវិញនូវសុវត្ថិភាពស្វ័យប្រវត្តិដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ។
ក្រុមហ៊ុន Toyota បាននិយាយថា ការប្រមូលមកវិញនូវរថយន្ត RAV4 ពាក់ព័ន្ធនឹងពោងសុវត្ថិភាពរបស់អ្នកបើកបរ ខណៈដែលការប្រមូលមកវិញផ្សេងទៀតពាក់ព័ន្ធនឹងពោងសុវត្ថិភាពអ្នកដំណើរខាងមុខ តែប៉ុណ្ណោះ។ នៅក្នុងយន្តយន្តម៉ាក Corolla និង Corolla Matrix មួយចំនួន ក៏ពាក់ព័ន្ធនឹងការប្រមូលយកមកវិញជាលើកទី២ ដែលអាចបណ្តាលឲ្យពោងសុវត្ថិភាពផ្ទុះ ទោះបីជាមិនមានការបុកទង្គិចក៏ដោយ៕