ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់មូលនិធិជាតិជំនួយសង្គម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអនុប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាល ឯកឧត្តម អគ្គនាយក អគ្គនាយករង និងលោក លោកស្រីប្រធាននាយកដ្ឋាននៃមូលនិធិជាតិជំនួយសង្គម ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥ដូចខាងក្រោម៖
១- ប្រកាសសមាសភាព និងសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គមលើកទី៣ អាណត្តិទី១ ឆ្នាំ២០២៤
២- ពិនិត្យ និងផ្តល់ការអនុម័តត្រាមូលរបស់សាខា ម.ជ.ជ. រាជធានីខេត្ត
៣- ពិនិត្យ និងផ្តល់ការអនុម័តលើប្រកាសតែងតាំងបេក្ខភាពប្រធានសាខាម.ជ.ជ. រាជធានីខេត្ត
៤- ពិនិត្យ និងផ្តល់ការអនុម័តលើការបញ្ជូនមន្ត្រីកិច្ចសន្យា និងការតម្លើងប្រាក់កម្រៃប្រចាំខែរបស់បុគ្គលិកជាប់កិច្ចសន្យានៃ ម.ជ.ជ. ទាំងថ្នាក់កណ្ដាល និងសាខា ម.ជ.ជ. រាជធានីខេត្ត
៥- ពិនិត្យ និងផ្តល់ការអនុម័តលើគណៈកម្មការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម និងគណៈកម្មការបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃមូលនិធិជាតិជំនួយសង្គម។
សម្រាប់កិច្ចប្រជុំនេះ ក៏បានលើកឡើងពីលទ្ធផល ដែលមូលនិធិជាតិជំនួយសង្គមសម្រេចបានផងដែរ។

លទ្ធផលសម្រេចបាន ក្នុងក្របខណ្ឌកម្មវិធីជំនួយសង្គម
ក-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះសរុបចំនួន ២៣៣ ៨០៩នាក់ និងកុមារអាយុក្រោម២ឆ្នាំចំនួន ១១៩ ៧៩២នាក់ ដែលមានថវិកាចំណាយសរុប ១២៤ ៤៥៦ ០៤០ ០០០រៀល ស្មើនឹង ៣១ ១១៤ ០១០ ដុល្លារ។
ខ-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់គ្រួសារសរុបចំនួន ៧០៥ ៧១៦ និងថវិកាសរុបចំនួន ៥ ០៩៩ ៨០៤ ២២៥ ០០០ រៀល។
គ-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា
កាលពីថ្ងៃទី១០ ខែធ្នូ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ប្រមាណជិត៥០០០គ្រួសារ សរុបថវិកា ១៧៥ ៩៥២ ៨៣៦ ០០០រៀល។
ឃ-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ប្រមាណ ៩៩១៦៩គ្រួសារ ជាទឹកប្រាក់ចំណាយសរុប៤៦ ៧៩៩ ០៨៨ ០០០រៀល។

លទ្ធផលសម្រេចបាន ក្នុងក្របខណ្ឌរបបសន្តិសុខសង្គម
គិតត្រឹមបំណាច់ឆ្នាំ២០២៣នេះ មូលនិធិជាតិជំនួយសង្គម បានបើកផ្តល់របបសន្តិសុខសង្គមជូន
និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលតាមប្រព័ន្ធធនាគារ ប្រមាណជាង៥ពាក់នាក់ និង អតីតយុទ្ធជនជាង៤ម៉ឺននាក់ ព្រមទាំងជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពពលកម្ម ជនពលី និងសមាជិកគ្រួសារក្នុងបន្ទុក។







