ភ្នំពេញ ៖ គិតមកទល់ពេលនេះ សិស្សបឋមសិក្សាទូទាំងប្រទេសប្រមាណជាង ៩០% ហើយ បានចូលរៀនឡើងវិញ ក្នុងដំណាក់កាលបើកសាលារៀនលើកទី២ ដែលបានចាប់ផ្ដើមបានរយៈពេលជាង១ខែមកនេះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។
សម្រាប់ការបើកសាលារៀនជាថ្មីក្នុងដំណាក់កាលទី២ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ កញ្ញា មកដល់បច្ចុប្បន្ន ក្រៅពីសិស្សថ្នាក់ទី ៩ និងសិស្សថ្នាក់ទី ១២ ដែលបានចូលរៀនពេញផ្ទៃប្រទេសនោះ សិស្សក្នុងថ្នាក់បឋមសិក្សាប្រមាណជាង ៩០% បានចូលរៀនជាថ្មីវិញផងដែរ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។
ឯកឧត្តម បញ្ជាក់បន្ថែមថា សិស្សថ្នាក់បឋមសិក្សានាពេលបច្ចុប្បន្ននេះ គឺពុំសិក្សានៅថ្នាក់រៀនពេញមួយសប្ដាហ៍នោះទេ។ ការសិក្សាអនុវត្តតាមបែបចម្រុះ ដោយសិក្សានៅក្នុងថ្នាក់រៀនខ្លះ និងសិក្សានៅតាមប្រព័ន្ធអនឡាញខ្លះ។ រីឯសិស្សថ្នាក់ទី ៩ និងសិស្សថ្នាក់ទី១២វិញ អាចមកសិក្សានៅថ្នាក់រៀន បានពេញមួយសប្ដាហ៍ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រ។
ស្របពេលកំពុងអនុវត្តការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី២នេះ ក្រសួងអប់រំរួមជាមួយអន្តរក្រសួងក៏កំពុងបន្តត្រួតពិនិត្យ វាយតម្លៃដំណើរការសិក្សា ដើម្បីឈានទៅការស្នើសុំរាជរដ្ឋាភិបាល ដើម្បីបើកសាលារៀនក្នុងដំណាក់កាលទី៣ ក្នុងកំឡុងខែវិច្ឆិកា ផងដែរ។
យ៉ាងណាម៉ិញ ការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ក៏តម្រូវឱ្យសាលារៀនត្រូវតែមានលទ្ធភាព គោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារសម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ ១៩ ព្រោះនេះ ជារឿងចាំបាច់ដើម្បីធានាសុវត្ថិភាពសម្រាប់ទាំងសិស្ស និងបុគ្គលិកអប់រំ។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តមអ្នកនាំពាក្យ។
ការបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី២ដែលកំពុងអនុវត្តនេះ គឺអនុញ្ញាតឱ្យសិស្សថ្នាក់ទី ៩និងសិស្សថ្នាក់ទី ១២ នៃសាលារៀនរដ្ឋទូទាំងប្រទេសចូលរៀនឡើងវិញ ដើម្បីត្រៀមខ្លួនប្រឡងសម្រាប់ការប្រឡងសញ្ញាបត្រ។ លើសពីនេះ ក៏អនុញ្ញាតឱ្យសិស្សគ្រប់កម្រិតសិក្សា នៅទីរួមខេត្តចំនួន ៤ ដែលមានហានិភ័យទាប អាចចូលរៀនបានផងដែរ ក្នុងនោះ រួមមាន ទីរួមខេត្តស្ទឹងត្រែង ទីរួមខេត្តរតនគិរី ទីរួមខេត្តមណ្ឌលគិរី និងទីរួមខេត្តក្រចេះ។ រីឯកម្រិតផ្សេងទៀតរបស់សាលារដ្ឋ គឺបើកក្នុងទ្រង់ទ្រាយតូច និងឆ្លាស់វេនគ្នា៕
អត្ថបទ៖ គឹមហុក




