វាយកូនបាល់៖ កីឡាករវាយកូនបាល់ស្កុតឡេនអតីតលេខ ១ ពិភពលោក Andy Murray ទីបំផុតរកបានជ័យជំនះលើកដំបូង ក្នុងការត្រលប់មកកាន់ការប្រកួត Grand Slam, Wimbledon លើកដំបូងតាំងពីឆ្នាំ២០១៧។

ការប្រកួតជុំដំបូងនេះ Andy Murray ជួបជាមួយកីឡាករលំដាប់លេខ ២៤ Nikoloz Basilashvili មកពីប្រទេសហ្សកហ្ស៊ី។ Andy Murray ដែលបច្ចុប្បន្នមានចំណាត់ថ្នាក់ពិភពលោកលេខ ១១៨ នោះបាននាំមុខការប្រកួត ៦-៤, ៦-៣ និងសិតចុងក្រោយនាំមុខ ៥-០ ទៅហើយតែមិនអាចវាយយកពិន្ទុជ័យជំនះបាន និងបណ្តោយឱ្យ Basilashvili យកឈ្នះសិតនេះវិញ ៧-៥ មុនពេលដែល Murray យកឈ្នះសិតទី៤ វិញ ៦-៣។ Andy Murray នឹងបន្តដំណើរទៅជុំទី២ ដោយនឹងត្រូវជួបជាមួយអ្នកឈ្នះរវាងកីឡាករអាល្លឺម៉ង់ Oscar Otte រឺកីឡាករបារាំង Arthur Rinderknech។ រំលឹកថា Andy Murray បានខកខានពីការប្រកួត Grand Slam, Wimbledon ក៏ដូចជា Grand Slam ផ្សេងៗទៀតបន្ទាប់ពីរងរបួសកាលពីឆ្នាំ២០១៧ នៅ Wimbledon នេះនៅវគ្គ ៨នាក់ចុងក្រោយនៅពេលជួបជាមួយកីឡាករអាមេរិក Sam Querrey។
ងាកមកការប្រកួតផ្សេងទៀត កីឡាករលំដាប់លេខ ៤ ពិភពលោកសញ្ជាតិក្រិក Stefanos Tsitsipas បានធ្លាក់ត្រឹមជុំដំបូងក្រោយចាញ់កីឡាករបារាំង Frances Tiafoe ៦-៤, ៦-៤ និង ៦-៣។ នេះជាលើកទី៣ ក្នុងចំណោមការចូលរួម ៤លើកនៅ Wimbledon ដែល Tsitsipas ធ្លាក់ត្រឹមជុំដំបូង។ Tiafoe នឹងបន្តទៅជុំទី២ ជួបជាមួយកីឡាករកាណាដា Vasek Pospisil។ ចំណែកឯកីឡាករលេខ ១ ពិភពលោកបច្ចុប្បន្ន Novak Djokovic មិនមានបញ្ហាឡើយដោយបានទំលាក់កីឡាករយុវជនអង់គ្លេស Jack Draper៕
អត្ថបទ៖នាង សុភាវុធ