
អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ជនជាប់សង្ស័យចំនួន ៣០ នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់យោធាប្រទេសនីហ្សេរីយ៉ា អំឡុងពេលការវាយឆ្មក់កាលពីចុងសប្តាហ៍នៅក្នុងរដ្ឋ Kaduna ភាគពាយ័ព្យរបស់ប្រទេសនេះ។
លោក Edward Gabkwet អ្នកនាំពាក្យកងទ័ពអាកាសនីហ្សេរីយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការ បានធ្វើឡើងតាមរបាយការណ៍ស៊ើបការណ៍មួយ នៅពេលដែលយន្តហោះចម្បាំងយោធាមួយគ្រឿង បានមើលឃើញសកម្មភាពរបស់ជនសង្ស័យ កំពុងជិះម៉ូតូក្នុងក្បួនចំនួន ១៥ គ្រឿងនៅក្នុងតំបន់ Birnin Gwari នៃរដ្ឋ Kaduna ។
លោក Gabkwet និយាយថា របាយការណ៍ស៊ើបការណ៍សម្ងាត់ ក៏បានបង្ហាញផងដែរថា ក្រុមឧក្រិដ្ឋជនទទួលខុសត្រូវចំពោះការវាយឆ្មក់លើកងទ័ពនៅក្នុងតំបន់ដូចគ្នានេះកាលពីថ្ងៃសៅរ៍។
ពួកគេ បានវាយប្រហារ និងចាប់ពង្រត់ជនស៊ីវិលស្លូតត្រង់ជាច្រើនលើក នៅតំបន់ Birnin Gwari។
លោកនិយាយថា ជនសង្ស័យចាប់ជំរិត ត្រូវបានតាមដានទៅកាន់ទីតាំងមួយ ដែលពួកគេបានជួបគ្នា មុនពេលពួកគេត្រូវបានបង្ក្រាប ក្នុងការវាយប្រហារដ៏ជាក់លាក់មួយ។