ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនៅបទបញ្ជាឱ្យអាជ្ញាធរបឹងទន្លេសាប និងខេត្តជាប់បឹងទន្លេសាបត្រូវរួមគ្នាថែរក្សាឱ្យបាននូវដីអភិរក្សតំបន់បឹងទន្លេសាបដែលជាបឹងដ៏ធំជាងគេរបស់កម្ពុជា និងពិភពលោក សម្រាប់ទុកដល់កូនចៅចំនាន់ក្រោយ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះថា រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សា និងការពារឱ្យបាននូវដីតំបន់ភិរក្សនៅតំបន់បឹងទន្លេសាបនេះ សម្រាប់ទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា កាលពីឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសម្រេចកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋ ១ ៦៥៨ គ្រួសារសម្រាប់ប្រើប្រាស់ និងអាស្រ័យផល។ សម្ដេចតេជោ ក៏បានបានចេញអនុក្រឹត្យដើម្បីកែសម្រួលផ្ទៃដីបឹងទន្លេសាប ទំហំ ៦៣៨៥ហិកតា ស្មើនឹង ២០២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលមកតំបន់ ២ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ៧៤៩ ផងដែរ។ កាលពីកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ សហការជាក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអជ្ញាធរបឹងទន្លេសាបក្នុងកិច្ចការបោះបង្គោលព្រំប្រទល់បឹងទន្លេសាបឡើងវិញ រវាងតំបន់ ២ និងតំបន់៣ បន្ទាប់ពីកាត់ឆ្វៀលដីនៅតំបន់នេះឱ្យប្រជាពលរដ្ឋដែលមានភូមិដ្ឋានជាប្រវត្តិសាស្ត្រស្រាប់។
សូមរម្លឹកថា បឹងទន្លេសាបចែកជា៣តំបន់ ដែលតំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាជនដែលអាចរស់នៅនិងអាចចុះបញ្ជីជូនប្រជាពលរដ្ឋ តំបន់ទី២ គឺជាតំបន់ដែលនៅចន្លោះតំបន់១ និងតំបន់៣ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលនៅក្នុងទីតាំងដែលធ្លាប់មាន តំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ការពារដាច់ខាត៕ អត្ថបទ៖ វ៉ន ដារ៉ា




