
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol នៅថ្ងៃអង្គារ (ទី៣០ ខែមករា) នេះ បានរារាំងសេចក្ដីស្នើច្បាប់ ដើម្បីឲ្យចាប់ផ្តើមការស៊ើបអង្កេតថ្មីមួយ ជុំវិញការប្រជ្រៀតគ្នា នៅថ្ងៃបុណ្យ Halloween (ហាឡូវីន) ដែលបានសម្លាប់មនុស្ស ១៥៩នាក់ នៅសង្កាត់ Itaewon របស់ទីក្រុងសេអ៊ូល ក្នុងឆ្នាំ២០២២ ជាការសម្រេចមួយដែលត្រូវបានរិះគន់ដោយក្រុមប្រឆាំង និងសាច់ញាតិនៃជនរងគ្រោះ។
ការបដិសេធរបស់លោក Yoon ពាក់ព័ន្ធនឹងការស៊ើបអង្កេតជាមួយក្រុមឯករាជ្យមួយ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីបានពណ៌នាថា សេចក្ដីស្នើច្បាប់ដែលគាំទ្រដោយក្រុមប្រឆាំងនេះ មានលក្ខណៈនយោបាយ និងអាចបំពានរដ្ឋធម្មនុញ្ញ។
ដោយបដិសេធការស៊ើបអង្កេតពីមុនរបស់នគរបាល និងរដ្ឋអាជ្ញាថា មានភាពមិនត្រឹមត្រូវនោះ នាយករដ្ឋមន្ត្រី លោក Han Duck-soo បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «ការឈឺចាប់ពីសោកនាដកម្មនេះ មិនអាចប្រើជាឧបករណ៍ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃជម្លោះនយោបាយ និងលទ្ធភាពនៃភាពមិនស្របតាមរដ្ឋធម្មនុញ្ញនោះទេ»។
ការសម្រេចរារាំងសេចក្តីព្រាងច្បាប់នេះ ទទួលបានការរិះគន់ពីក្រុមសាច់ញាតិនៃជនរងគ្រោះ និងមន្ត្រីគណបក្សប្រឆាំង ដែលជាយូរមកហើយបានជំទាស់តវ៉ានឹងការដោះស្រាយចំពោះមហន្តរាយនេះរបស់រដ្ឋាភិបាល ដោយនិយាយថា មិនទាន់បានល្អគ្រប់គ្រាន់នៅឡើយទេ៕