
អារ៉ាប៊ីសាអ៊ូឌីត បាននិយាយកាលពីថ្ងៃចន្ទថា ម្ចាស់ជំនួយ គួរតែបន្តគាំទ្រទីភ្នាក់ងារជំនួយសំខាន់របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិករបស់ខ្លួនជាច្រើននាក់បានចូលរួមក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។
ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការអារ៉ាប៊ីសាអ៊ូឌីត (SPA)ថា អ្នកគាំទ្រ UNRWA គួរតែ«អនុវត្តតួនាទីរបស់ពួកគេ ក្នុងការគាំទ្រកិច្ចការមនុស្សធម៌ចំពោះជនភៀសខ្លួនប៉ាឡេស្ទីន»។
SPA បាននិយាយថា ការធ្វើបែបនេះ នឹងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិមនុស្សធម៌ នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
ម្ចាស់ជំនួយសំខាន់ៗជាច្រើន រួមទាំងសហរដ្ឋអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ និងជប៉ុន បានបង្កកមូលនិធិរបស់ពួកគេសម្រាប់ UNRWA ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ីស្រាអែល។
អ៊ីស្រាអែល ក៏បានប្តេជ្ញាបញ្ឈប់ការងាររបស់ទីភ្នាក់ងារនៅហ្កាហ្សា នៅក្រោយសង្រ្គាម។
សេចក្តីថ្លែងការណ៍របស់អារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា៖«ការពិនិត្យឡើងវិញ និងនីតិវិធីស៊ើបអង្កេត» ទាក់ទងនឹងការចោទប្រកាន់របស់អ៊ីស្រាអែល គួរតែផ្តល់ «ការពិតរួមជាមួយនឹងភ័ស្តុតាង»។