រុស្ស៊ី៖ មានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអាចប្រើប្រាស់បានចំនួន ៣ប្រភេទនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែពលរដ្ឋរុស្ស៊ីភាគច្រើននិយាយថា ពួកគេនឹងមិនទៅចាក់វ៉ាក់សាំងទេ ព្រោះពួកគេមិនជឿជាក់លើវ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសខ្លួន។

ប្រទេសរុស្ស៊ីបានប្រកាសកាលពីខែសីហាកន្លងទៅថា ខ្លួនមានវ៉ាក់សាំងផ្ទាល់ខ្លួនជាលើកដំបូងដែលមានឈ្មោះថា Sputnik V ហើយកូនស្រីរបស់លោកប្រធានាធិបតី Vladimir Putin ត្រូវបានចាក់វ៉ាក់សាំងនេះ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វ៉ាក់សាំង Sputnik V ដែលកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីល និងទួរគីដែរនោះគឺមានប្រសិទ្ធភាព ៩១%។ ទោះបីមានជម្រើសច្រើនក្នុងការចាក់វ៉ាក់សាំងក្ដី តែមានតែ ១៤% ប៉ុណ្ណោះនៃប្រជាពលរដ្ឋសរុបចំនួន ១៤៦លាននាក់របស់ប្រទេសរុស្ស៊ី ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយរដ្ឋាភិបាលនឹងមិនអាចសម្រេចបានតាមផែនការ ដែលនឹងចាក់ជូនពលរដ្ឋរុស្ស៊ីឲ្យបានចំនួន ៣០លាននាក់នៅខែមិថុនានេះនោះទេ។
អ្នកក្រុងមូស្គូ វ័យ ២៩ឆ្នាំ លោក សាមី អូនូសេវ បានប្រាប់សារព័ត៌មាន NBC ថា លោកជឿថា វ៉ាក់សាំងបង្ការជំងឺ COVID-19 គឺចាំបាច់ណាស់ ប៉ុន្តែលោកនឹងមិនចាក់វ៉ាក់សាំងដែលផលិតក្នុងប្រទេសរុស្ស៊ីទេ។ លោកថា ប្រសិនបើលោកមានជម្រើស លោកនឹងមិនចាក់ទេ។ លោកគិតថា វ៉ាក់សាំងមានអត្រាប្រសិទ្ធភាពទាបគឺជាកំហុសដ៏ធំរបស់រដ្ឋាភិបាល ដែលធ្វើឲ្យពលរដ្ឋគ្មានទំនុកចិត្ត។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ រុស្ស៊ីមានករណីឆ្លងវីរុស COVID-19 ចំនួន ៥,៤៧២,៩៤១នាក់ និងស្លាប់ចំនួន ១៣៣,៨៩៣នាក់៕
អត្ថបទ៖ សុខមាន