ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងពាក់ព័ន្ធកំពុងតាមដាន វាយតម្លៃយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធក៏ដូចជាគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចូលរួមជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ទាំងក្នុងពេលមានទឹកជំនន់ និងក្នុងពេលជួបគ្រោះរាំងស្ងួត ដោយក្នុងនោះមានការអន្តរាគមន៍ផ្ដល់ពូជស្រូវដល់ពលរដ្ឋ និងជួយបូមទឹកដាក់ស្រែចំពោះពលរដ្ឋដែលរងគ្រោះខ្វះខាតទឹកផងដែរ។
សូមជម្រាបថា ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ តម្លៃស្រូវមានការកើនឡើងខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសម្រុកធ្វើស្រែច្រើនជាងរាល់ឆ្នាំ ខណៈឆ្នាំ២០២៣ និងឆ្នាំ ២០២៤នេះ បញ្ហាប្រែប្រួលអាកាសធាតុនៅតែបន្ដកើតមានឡើង បណ្ដាលឱ្យតំបន់មួយចំនួនតាមបណ្ដាខេត្តមានការខ្វះខាតទឹកធ្វើស្រែ។ ប៉ុន្ដែ បញ្ហានេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមនឹងអាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់ធ្វើការដោះស្រាយ៕ អត្ថបទ៖ វ៉ន ដារ៉ា



