
គណបក្សរបស់លោក Imran Khan បានឲ្យដឹងថា តុលាការប៉ាគីស្ថានបានកាត់ទោសលោក Khan ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ នៅថ្ងៃអង្គារ (ទី៣០ ខែមករា) នេះ ពីបទធ្វើឲ្យលេចធ្លាយការសម្ងាត់របស់រដ្ឋ ដែលជាការកាត់ទោសដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី និងកីឡាករគ្រិកឃីត ក្នុងសំណុំរឿងជាច្រើន និងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនការបោះឆ្នោតជាតិ។
គណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក បានប្រាប់ថា តុលាការពិសេសបានរកឃើញថា លោក Khan មានទោសពីបទបង្ហាញជាសាធារណៈនូវខ្លឹមសារនៃទូរលេខសម្ងាត់ដែលឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅទីក្រុង Washington សហរដ្ឋអាមេរិក ផ្ញើទៅកាន់រដ្ឋាភិបាលក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។ អតីតរដ្ឋមន្ត្រីការបរទេស លោក Shah Mehmood Qureshi ក៏ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ ក្នុងករណីដូចគ្នានេះដែរ។
ការសម្រេចក្ដីឲ្យជាប់ពន្ធនាគារ គឺជាសាលក្រមទី២ សម្រាប់លោក Khan ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយធ្វើឲ្យអ្នកនយោបាយដ៏មានប្រជាប្រិយភាពរូបនេះ នឹងនៅតែស្ថិតក្នុងពន្ធនាគារដដែល និងមិនទទួលបានការចាប់អារម្មណ៍ជាសាធារណៈនោះឡើយ នៅមុនការបោះឆ្នោតសភា នាសប្តាហ៍ក្រោយ ដែលនឹងនាំទៅដល់ការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។ តុលាការនឹងចេញសាលក្រមជាលាយលក្ខណ៍អក្សររបស់ខ្លួននៅពេលក្រោយ។
តែយ៉ាងណាក្ដី គណបក្ស PTI បាននិយាយថា ខ្លួននឹងតតាំងចំពោះការសម្រេចចិត្តនេះ។ លោក Naeem Panjutha ដែលជាមេធាវីរបស់លោក Khan បានបង្ហោះនៅលើបណ្ដាញសង្គម X (ពីមុនជា Twitter) ថា «យើងមិនទទួលយកការសម្រេចខុសច្បាប់នេះទេ»។ ជំនួយការរបស់លោក Khan លោក Zulfikar Bukhari បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមអ្នកច្បាប់មិនត្រូវបានផ្តល់ឱកាស ដើម្បីឲ្យធ្វើជាតំណាង សម្រាប់អតីតនាយករដ្ឋមន្ត្រី ឬសាក្សីឆ្លងឆ្លើយនោះទេ ដោយបន្ថែមថា ដំណើរការនីតិវិធី ត្រូវបានអនុវត្តនៅក្នុងពន្ធនាគារ៕