ភ្នំពេញ ៖ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី១ ជំហានបញ្ចប់ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី នៃមូលដ្ឋានខណ្ឌសែនសុខ ចំនួនជិត ២០០០នាក់ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត ឈៀង សែ ប្រធានមនី្ទរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា សម្រាប់មនី្ទរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី១ ជំហានបញ្ចប់ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ប្រមាណជិត២០០០នាក់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែក បានខិតខំប្រឹងប្រែងក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អស់រយៈពេលជិត០២ឆ្នាំមកហើយ ដោយធ្វើការបែងចែកកម្លាំងក្រុមគ្រូពេទ្យនីមួយៗ ចុះពិនិត្យព្យាបាលជំងឺកូវីដ១៩ នៅតាមមណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក៏មានក្រុមគ្រូពេទ្យយកសំណាក ក្រុមគ្រូពេទ្យចុះអប់រំផ្សព្វផ្សាយជំងឺកូវីដ១៩នៅតាមខ្នងផ្ទះ និងក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។ ជាពិសេសប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវឲ្យច្បាស់ថាខ្លួនអ្នក មិនមានជំងឺកូវីដ-១៩ និងកំពុងធ្វើចត្តាឡីស័កនោះទេ។
និយាយដោយឡែក ប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងស្ថានភាពដ៏លំបាកនេះ ការចាក់វ៉ាក់សាំងកូវីដ១៩ ពិតជាមានសារសំខាន់ណាស់។ ដូច្នេះយើងត្រូវរួមគ្នាចាក់វ៉ាក់សាំង និងរួមគ្នាការពារ ដើម្បីកុំឲ្យឆ្លងរីករាលដាលពីម្នាក់ ទៅម្នាក់។
បើតាមលោកវេជ្ជបណ្ឌិត រស់ ញាណ ប្រធានការិយាល័យស្រុកប្រតិបតិ្តសែនសុខ បានលើកឡើងថាការិយាល័យស្រុកប្រតិបតិ្តសែនសុខ គឺគ្រប់ដណ្តប់ក្នុងខណ្ឌសែនសុខទាំងមូល ទន្ទឹមនឹងនោះការចាក់វ៉ាក់សាំងជំហានបញ្ចប់នេះ គឺក្រុមគ្រូពេទ្យយើងបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដើម្បីឈានទៅសម្រេចលទ្ធ
ផលឲ្យបានជោគជ័យ១០០% ស្របតាមផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ និងរាជរដ្ឋាភិបាល ដែលគ្រោងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២១នោះ។ ដូច្នេះលោកវេជ្ជបណ្ឌិត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង៦ ខណ្ឌសែនសុខ សូមអញ្ជើញរួសរាន់មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា៕អត្ថបទ ៖ រដ្ឋា



