
ប្រភពចំនួន៤ នៅថ្ងៃអង្គារ (ទី៣០ ខែមករា) នេះ បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសអាល្លឺម៉ង់នឹងអនុម័តលើសេចក្ដីស្នើច្បាប់បញ្ញាសិប្បនិម្មិត (AI) ដ៏សំខាន់របស់សហភាពអឺរ៉ុប (EU) បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី (FDP) ដែលជាផ្នែកនៃរដ្ឋភិបាលចម្រុះដែលកំពុងកាន់អំណាច បានបញ្ឈប់ការជំទាស់របស់ពួកគេ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ រដ្ឋាភិបាលអាល្លឺម៉ង់មិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។ សហភាពអឺរ៉ុប (EU) កាលពីខែធ្នូ បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ស្ដីអំពីច្បាប់ AI ដែលមានគោលបំណងបង្កើតរបាំងការពារ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ AI និងកំណត់ស្តង់ដារសកល ក្នុងបទប្បញ្ញត្តិបច្ចេកវិទ្យា។
តែទោះជាយ៉ាងណាក្ដី រាល់ច្បាប់របស់សហភាពអឺរ៉ុបចាំបាច់ត្រូវផ្តល់សច្ចាប័នដោយគណៈកម្មាធិការដែលប្រទេសនីមួយៗ មានតំណាង។
ប្រភពទាំង៤ ដែលដឹងពីការសម្រេចនេះ បានប្រាប់សារព័ត៌មាន Reuters ថា គណបក្ស FDP ដែលជាដៃគូមានសំឡេងតិចតួចនៅក្នុងរដ្ឋាភិបាលចម្រុះ ៣គណបក្សដែលមិនសូវរលូនរបស់គណបក្សសង្គមប្រជាធិបតេយ្យរបស់លោក Olaf Scholz ជាមួយគណបក្ស Greens ឥឡូវនេះបានបោះបង់ចោលការជំទាស់របស់ខ្លួនហើយ។ គណបក្សនេះជាអ្នកតស៊ូមតិយ៉ាងខ្លាំងក្លា ក្នុងការការពារសិទ្ធិសេរីភាពពលរដ្ឋ៕