
ក្រុមហ៊ុនអាកាសចរណ៍ ITA របស់ប្រទេសអ៊ីតាលី នៅថ្ងៃអង្គារ (ទី៣០ ខែមករា) បានឲ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្ដើមជើងហោះហើររបស់ខ្លួនឡើងវិញ រវាងទីក្រុង Tel Aviv របស់អ៊ីស្រាអែល និងទីក្រុងរ៉ូមរបស់អ៊ីតាលី ចាប់ពីថ្ងៃទី១ ខែមីនា ដោយចាប់ផ្តើមជាមួយនឹងការធ្វើដំណើរវិលត្រឡប់វិញចំនួន ៣សប្តាហ៍។
ដោយយោងទៅតាមការវិវត្តនៃស្ថានភាពភូមិសាស្ត្រនយោបាយ ក្រុមហ៊ុនអាកាសចរណ៍ ITA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំនួនជើងហោះហើរ រវាងអាកាសយានដ្ឋាន Fiumicino របស់ទីក្រុងរ៉ូម និងអាកាសយានដ្ឋាន Ben Gurion របស់ទីក្រុង Tel Aviv អាចនឹងកើនឡើងនៅរដូវក្តៅនេះ។
ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមថា៖ «ការចាប់ផ្តើមឡើងវិញនៃជើងហោះហើរ រវាងទីក្រុង Tel Aviv និងទីក្រុងរ៉ូម ក៏អាចធ្វើទៅបានដែរ ដោយសារកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរអ៊ីតាលី និងអ៊ីស្រាអែល ហើយវាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ITA Airways»៕