សាក្សី និងអាជ្ញាធរបាននិយាយថា កងកុម្មង់ដូអ៊ីស្រាអែល ក្លែងខ្លួនជាបុគ្គលិកពេទ្យ និងស្ត្រីមូស្លីម បានសម្រុកចូលមន្ទីរពេទ្យមួយកន្លែងនៅតំបន់កាន់កាប់ វេស បែង (West Bank) កាលពីថ្ងៃអង្គារ (៣០ មករា) ហើយបានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ៣នាក់ ដែលម្នាក់ក្នុងចំណោមពួកគេដេកស្លាប់នៅលើគ្រែ។

យោធាអ៊ីស្រាអែលបាននិយាយថា ជនសកម្មប្រយុទ្ធបីនាក់នោះត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការបន្លំខ្លួនរួមគ្នាដោយកងទ័ព សេវាសន្តិសុខ ស៊ីន បេត (Shin Bet) និងនគរបាលព្រំដែននៅក្នុងមន្ទីរពេទ្យ អ៊ីប៊ីន ស៊ីណា (Ibn Sina) ក្នុងទីក្រុង ជេនីន (Jenin) ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលតានតឹងខ្លាំងបំផុតនៅតំបន់កាន់កាប់ វេស បែង។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ពីការស្លាប់នេះ ហើយបានអំពាវនាវឲ្យអង្គការសហប្រជាជាតិធានាការការពារមណ្ឌលសុខភាព។

យោធាអ៊ីស្រាអែលបាននិយាយថា អ្នកទាំងបីនោះបានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ ហើយបាននិយាយថានេះគឺជា «ឧទាហរណ៍មួយផ្សេងទៀតនៃការប្រើប្រាស់តំបន់ស៊ីវិល និងមន្ទីរពេទ្យជាជម្រក និងខែលការពារខ្លួនដោយអង្គការភេរវកម្ម» ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់បែបនេះ៕