រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិន បានផ្លាស់ប្តូរផ្លូវហោះហើរ «ជាឯកតោភាគី» នៅជិតខ្សែបន្ទាត់មេដ្យានដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយនិយាយថាវាហាក់ដូចជាការប៉ុនប៉ងដោយចេតនាដើម្បីផ្លាស់ប្តូរស្ថានភាពសម្រាប់លទ្ធភាពនៃប្រតិបត្តិការយោធា។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីល្ងាចថ្ងៃអង្គារថា ចាប់ពីថ្ងៃព្រហស្បតិ៍ (០១ កុម្ភៈ) ខាងមុខនេះ ខ្លួននឹងលុបចោល «រយៈចម្ងាយចេញពីគោលដៅដើម (offset measure)» សម្រាប់ប្រតិបត្តិការភាគខាងត្បូងនៃផ្លូវហោះហើរ M503 ដែលស្ថិតនៅភាគខាងលិចនៃខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រ។

ខ្សែបន្ទាត់មេដ្យានបានបម្រើការជារបាំងក្រៅផ្លូវការជាច្រើនឆ្នាំរវាងកោះតៃវ៉ាន់ និងប្រទេសចិន ប៉ុន្តែចិននិយាយថា ខ្លួនមិនទទួលស្គាល់អត្ថិភាពរបស់ខ្សែបន្ទាត់នេះទេ ហើយយន្តហោះចម្បាំងរបស់ចិនឥឡូវនេះតែងតែហោះហើរពីលើនោះជាទៀងទាត់។
ប្រទេសចិន ក៏បាននិយាយផងដែរថាខ្លួនកំពុងបើកផ្លូវហោះហើរពីខាងលិចទៅខាងកើត ដែលនិយាយម្យ៉ាងទៀតក្នុងទិសដៅទៅកាន់កោះតៃវ៉ាន់ នៅលើផ្លូវហោះហើរពីរពីទីក្រុង សៀមិន (Xiamen) និងទីក្រុង ហ្វ៊ូចូវ (Fuzhou) របស់ប្រទេសចិន។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់កោះតៃវ៉ាន់ និងក្រុមប្រឹក្សាកិច្ចការដីគោក ដែលបង្កើតគោលនយោបាយចិន បានចាត់ទុកចំណាត់ការនេះថាជាសកម្មភាព «ឯកតោភាគី» ហើយពួកគេបានតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះ៕