ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធ (៣១ មករា) នេះថាប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រមួយកាលពីថ្ងៃទី៣០ ខែមករា។

របាយការណ៍នេះបានបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅកាលពីថ្ងៃអង្គារ ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ត្រូវបានប្រកាសដោយយោធាកូរ៉េខាងត្បូង។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា «សមយុទ្ធនេះបានចូលរួមចំណែកក្នុងការត្រួតពិនិត្យទីតាំងវាយលុកយ៉ាងរហ័សរបស់កងទ័ពប្រជាជនកូរ៉េ (KPA) និងធ្វើអោយប្រសើរឡើងនូវសមត្ថភាពវាយប្រហារជាយុទ្ធសាស្ត្រ» ដោយបន្ថែមថា មីស៊ីលតម្រង់គោលដៅនោះ គឺមានលក្ខណៈ «យុទ្ធសាស្ត្រ» ដែលជាធម្មតាសំដៅទៅលើអាវុធដែលមានសមត្ថភាពនុយក្លេអ៊ែរ។
ការសាកល្បងចុងក្រោយបង្អស់សម្រាប់មីស៊ីលដែលមានឈ្មោះថា «វ៉ាសាល-២» (Hwasal-2) គឺជាលើកទីបីហើយដែលទីក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលតម្រង់គោលដៅក្នុងរយៈពេលតិចជាងមួយសប្តាហ៍។
កូរ៉េខាងជើង កំពុងបង្កើនការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បាននិយាយថា ពួកគេមិនបានរកឃើញសញ្ញាណាមួយដែលទីក្រុងព្យុងយ៉ាង មានបំណងចាត់វិធានការយោធាក្នុងពេលឆាប់ៗនោះទេ៕