ភ្នំពេញ ៖ ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងដាក់ឲ្យដំណើរការសាកល្បង ទទួលពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តម រដ្ឋមន្រី្ត សូមវាយតម្លៃខ្ពស់ ចំពោះភាគី ចិន បានខិតខំធ្វើការងារសាងសង់មនី្ទរពេទ្យស្ទើ២៤ម៉ោង លើ២៤ម៉ោង ទុកតែថាប្រទេសកម្ពុជា កំពុងមានការរីករាលដាលជំងឺកូវីដ-១៩កី្ត ជាពិសេសនៅក្នុងខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ភាគីចិន និងសាកល្បងដាក់ដំណើរការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ហើយនៅមុនចូលឆ្នាំចិន ឆ្នាំ២០២២ខាងមុខនេះ ភាគីចិន នឹងប្រគល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជូនរាជរដ្ឋាភិបាលកម្ពុជា។
ជាចុងក្រោយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ស្របពេលកម្ពុជា រកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី។ ក្រសួងសុខាភិបាល បានពង្រឹងបន្ថែមលើការងារធ្វើតេស្តរហ័ស និងដាក់ដាច់ដោយឡែក ជាពិសេសលើបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដែលមកពីទល់ដែន ថៃ និងវៀតណាម ដោយតម្រូវឲ្យធ្វើចត្តាឡីស័ក ដើម្បីកុំឲ្យច្របូកច្របល់គ្នា ជាមួយអ្នកដែលមានឆ្លងក្នុងព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភះ។ ក្រៅពីនោះក្រសួង ក៏ដាក់អ្នកជំងឺកូវីដ-១៩ ឲ្យព្យាបាលដាច់ដោយឡែកផងដែរ ប្រសិនក្នុងករណីមានអ្នកជំងឺកូវីដ១៩ ប្រភេទថ្មីនេះ។ ទន្ទឹមនឹងនោះក្រសួងសុខាភិបាល ក៏បានពង្រឹងមនី្ទរពេទ្យគ្រប់ទីកន្លែង ជាពិសេសមនី្ទរពេទ្យនៅតាមបណ្តាខេត្តជាប់ព្រំដែននេះតែម្តង ដើម្បីឲ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការថែទាំព្យាបាលជូនប្រជាពលរដ្ឋ និងពង្រីកការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ព្រោះថាការចាក់ថ្នាំបង្ការនេះមានសារៈសំខាន់ណាស់ វាបានកាត់បន្ថយការរីករាលដាលផង និងកាត់បន្ថយភាពធ្ងន់ធ្ងរនៅជំងឺកូវីដ-១៩ផង។ ប៉ុន្តែយើងមិនត្រូវភ្លេចនូវការអនុវត្តវិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើង គឺ៣កុំ ៣ការពារ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រតិបតិ្តវិធានការរដ្ឋបាល ដែលរាជរដ្ឋាភិបាល បានដាក់ចុះ គឺត្រូវពាក់ម៉ាស់ និងគម្លាតសុវតិ្ថភាពសង្គម៕អត្ថបទ ៖ រដ្ឋា


