ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ (៣០ មករា) ថាខ្លួនបានទទួល និងកំពុងសិក្សាលើសំណើថ្មីសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ដែលបង្ហាញដោយក្រុមអ្នកសម្រុះសម្រួល បន្ទាប់ពីកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល នៅក្នុងអ្វីដែលហាក់ដូចជាគំនិតផ្តួចផ្តើមសន្តិភាពដ៏ម៉ឹងម៉ាត់បំផុតអស់រយៈពេលជាច្រើនខែ។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់បីដំណាក់កាល ក្នុងអំឡុងពេលដែលក្រុមនេះនឹងដោះលែងជនស៊ីវិលដែលនៅសេសសល់ជាលើកដំបូងក្នុងចំណោមចំណាប់ថ្នូរដែលខ្លួនចាប់បានកាលពីថ្ងៃទី០៧ ខែតុលា បន្ទាប់មកដោះលែងទាហាន និងចុងក្រោយបញ្ជូនសាកសពចំណាប់ថ្នូរដែលត្រូវបានសម្លាប់។

មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះមិនបានបញ្ជាក់ថាតើដំណាក់កាលនេះនឹងមានរយៈពេលប៉ុន្មាន ឬអ្វីដែលត្រូវបានគេរំពឹងទុកតាមដំណាក់កាលចុងក្រោយនោះទេ។ ប៉ុន្តែវាជាលើកទីមួយហើយ ចាប់តាំងពីការដួលរលំនៃបទឈប់បាញ់ដ៏ខ្លីតែមួយគត់នៃសង្រ្គាមមកទល់ពេលនេះ នៅចុងខែវិច្ឆិកា ដែលព័ត៌មានលម្អិតត្រូវបានចេញផ្សាយអំពីសំណើថ្មីដែលកំពុងត្រូវបានពិចារណាដោយភាគីទាំងពីរ។

សំណើបទឈប់បាញ់នេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីស ដែលមានប្រធានចារកម្មមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៊ីប ជាមួយនឹងនាយករដ្ឋមន្ត្រីប្រទេសកាតា៕