ក្រុមហ៊ុន ស៊ែមសុង អេឡិចត្រូនិច (Samsung Electronics) បានបង្ហាញពីការបន្តស្ទុះងើបឡើងវិញនៃបន្ទះឈីបអង្គចងចាំ (memory chips) និងតម្រូវការបច្ចេកវិទ្យានៅឆ្នាំ២០២៤ នេះ បន្ទាប់ពីបានរាយការណ៍នៃការធ្លាក់ចុះចំនួន ៣៤% ធៀបនឹងឆ្នាំមុននៅក្នុងប្រាក់ចំណេញត្រីមាសទី៤ របស់ខ្លួន បើទោះបីជាតម្លៃអង្គចងចាំបានស្ទុះងើបឡើងវិញក៏ដោយ ហើយនោះដោយសារតែតម្រូវការអ្នកប្រើប្រាស់នៅតែខ្សោយនៅក្នុងអាជីវកម្មជាច្រើន។

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពនេះលោកបាននិយាយថា ខ្លួនរំពឹងថាក្រុមហ៊ុនផលិតទូរស័ព្ទ និងកុំព្យូទ័រ នឹងដាក់បន្ទះឈីបកាន់តែច្រើន និងកាន់តែប្រសើរនៅក្នុងឧបករណ៍ នៅពេលការប្រើប្រាស់ប្រាជ្ញាសិប្បនិមិត្តរីកធំឡើង ខណៈតម្រូវការដើម្បីជំនួសម៉ាស៊ីនមេចាស់ៗក៏នឹងជួយដល់ការងើបឡើងវិញបន្តិចម្តងៗនៅក្នុងតម្រូវការបន្ទះឈីបផងដែរ។

ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅក្នុងឆ្នាំ២០២៤ នេះ អាជីវកម្មអង្គចងចាំរំពឹងថាទីផ្សារនឹងបន្តងើបឡើងវិញ ទោះបីជាមានឧបសគ្គដែលអាចកើតមានជាច្រើន រួមទាំងគោលនយោបាយអត្រាការប្រាក់ និងបញ្ហាភូមិសាស្ត្រនយោបាយក៏ដោយ»។
អស់រយៈពេលពេញមួយឆ្នាំ អាជីវកម្មបន្ទះឈីបរបស់ Samsung បានធ្លាក់ចុះដល់កម្រិតខ្ពស់បំផុតនៃការខាតបង់ចំនួន ១៤,៩ សែនកោដិ៍វ៉ុន ក្នុងឆ្នាំ២០២៣ ពីប្រាក់ចំណេញដែលទទួលបានចំនួន ២៣,៨ សែនកោដិ៍វ៉ុន កាលពីឆ្នាំមុន ដោយរងផលប៉ះពាល់ពីការធ្លាក់ចុះមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីតម្រូវការចុះខ្សោយសម្រាប់ឧបករណ៍ប្រើប្រាស់បន្ទះឈីប៕